វិស័យហិរញ្ញវត្ថុ

អម្រឹតអាចនឹងវិវត្តខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយធនាគារ SinoPac ប្រកាសទិញភាគហ៊ុន១០០%


ធនាគារតៃវ់ាន់ SinoPac ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន SinoPac Holdings បានសម្រេចទិញយកភាគហ៊ុន១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលជាគ្រឹះស្ថានហរិញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជាក្នុងតម្លៃជាង៥០០លានដុល្លារ។ មន្ត្រីជាន់ខ្ពស់នៃសមាគមមីក្រូហិរញ្ញវត្ថុរំពឹងថា ក្រោយការលក់ភាគហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតនឹងវិវត្តិខ្លួនទៅជាធនាគារពាណិជ្ជ ដែលវានឹងរួមចំណែកជួយធ្វើឱ្យវិស័យហិរញ្ញវត្ថុរបស់កម្ពុជា កាន់តែមានភាពរីកចម្រើន និងប្រកួតប្រជែងបន្ថែមទៀត។
វិស័យហិរញ្ញវត្ថុ
ដោយ

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ បានចាត់ទុកការទិញភាគហ៊ុន១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីសំណាក់ធនាគារតៃវ៉ាន់ SinoPac គឺបានបង្ហាញពីភាពចាស់ទុំ និងការជឿទុកចិត្តរបស់វិនិយោគិនបរទេសមកលើវិស័យហិរញ្ញវត្ថុកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយការលក់ភាគហ៊ុនឱ្យក្រុមហ៊ុនតៃវ៉ាន់នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើអម្រឹតនឹងវិវត្តខ្លួនទៅជាគ្រឹះស្ថានធនាគារពាណិជ្ជក្នុងរយៈពេលមធ្យមណាមួយនាពេលអនាគត។

លោករំពឹងថា ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជានឹងមានការថយចុះ តាមរយៈការរួមបញ្ចូលគ្នារវាងស្ថាប័នមួយជាមួយស្ថាប័នមួយទៀត ដែលនឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុកាន់តែមានភាពប្រកួតប្រជែងខ្ពស់ក្នុងការផ្តល់សេវាឥណទាន និងទទួលប្រាក់បញ្ញើ។

​នៅមួយរយៈចុងក្រោយយើងសង្កេតឃើញមានក្រុមហ៊ុន និងធនាគារបរទេសមួយចំនួនបានទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាក់ស្តែងកាលពីពេលថ្មីៗធនាគាររបស់កូរ៉េខាងត្បូង គូកមីន បានទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ហើយបានវិវត្តខ្លួនជាធនាគារពាណិជ្ជកម្មជាមួយឈ្មោះថ្មី ខេប៊ី ប្រាសាក់។

យ៉ាងណាមិញលោក កាំង តុងងី បានចាត់ទុកការទិញយកភាគហ៊ុនរបស់គ្រះស្ថានហិរញ្ញវត្ថុក្នុងស្រុកពីសំណាក់ក្រុមហ៊ុន ឬធនាគារបរទេសនេះវាជាចំណុចវិជ្ជមានមួយសម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដ្បិតថា ការទិញភាគហ៊ុននេះវាជាផ្នែកមួយជួយទាក់ទាញទុនវិនិយោគ និងបច្ចេកវិទ្យាថ្មីៗមកកាន់ប្រទេសកម្ពុជា។

បើតាមលោក កាំង តុងងី ការទិញភាគហ៊ុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកពីសំណាក់ក្រុមហ៊ុនបរទេសនេះមិនមែនកើតមានតែនៅកម្ពុជានោះទេ ពោលគឺបញ្ហានេះបានកើតឡើងនៅតាមប្រទេសនានាទាំងក្នុងតំបន់ និងលើពិភពលោក។

​គួរបញ្ជាក់ថា ក្រុមហ៊ុន SinoPac Holdings របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនមេរបស់ធនាគារ SinoPac កាលពីថ្ងៃទី ៤ ខែឧសភា បានចេញសេចក្ដីប្រកាសព័ត៌មានមួយពីការអនុម័ត ដោយក្រុមប្រឹក្សាភិបាលរបស់ខ្លួនលើការទិញយកភាគហ៊ុន១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងតម្លៃប្រហែល៥៤៣លានដុល្លារអាម៉េរិក។

ការទិញភាគហ៊ុននេះនឹងធ្វើឡើងជា៣ដំណាក់កាល ដោយដំណាក់កាលទី១ក្រុមហ៊ុននឹងទិញយក៨០% ក្នុងតម្លៃប្រហែល៤៣៥លានដុល្លារ ហើយបន្ទាប់មកនឹងទិញយក១០% ទៀតនៅចុងឆ្នាំទី១ និង១០%ទៀតនឹងទិញយកនៅចុងឆ្នាំទី២។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ការសម្រេចចិត្តទិញយកភាគរបស់អម្រឹតទាំងស្រុងនេះ គឺស្របតាមយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការបង្កើនប្រាក់ចំណូលពីប្រតិបត្តិការនៅក្រៅប្រទេស និងពង្រីកវត្តមាននៅក្នុងទីផ្សារអន្តរជាតិ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានសាខាចំនួន១៥០ នៅទូទាំងប្រទេសកម្ពុជា ជាមួយទ្រព្យសកម្មប្រមាណ២ពាន់លានដុល្លារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្របពេលការផ្តល់ឥណទាននៅកម្ពុជា មានសន្ទុះកើនឡើង តើ CBC បានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយកាត់បន្ថយហានិភ័យ?

ព័ត៌មាន
ការប្រើប្រាស់ឥណទានរបស់ប្រជាពលរដ្ឋកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគិតត្រឹមដំណាច់ឆ្នាំ២០២៣ មានប្រជាពលរដ្ឋជ…

កំណើនការប្រើប្រាស់រថយន្តអគ្គិសនីនៅចិន និងអាម៉េរិកនឹងទាញទម្លាក់តម្រូវការប្រេងនៅឆ្នាំនេះ

ព័ត៌មាន
ក្រុមអ្នកវិភាគបានព្យាករថា តម្រូវការប្រេងឥន្ធនៈសកលអាចនឹងធ្លាក់ចុះពាក់កណ្តាលនៅឆ្នាំ២០២៤នេះ ដោយសារការផ្លាស់ប្តូរទៅប្រើរថយន្តអគ្គិសនីនៅប្រទេសចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ