អ្នកជំងឺឆ្លងថ្មី ០២នាក់នេះ រួមមាន ម្នាក់ជាបុរសជនជាតិខ្មែរ ឈ្មោះ ស្រៀន គឹមស៊្រុន មានអាសយដ្ឋានស្នាក់នៅ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងម្នាក់ទៀត ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ អៀម ធីតា អាសយដ្ឋានស្នាក់នៅ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ ។
គួររំឭកថា ថ្ងៃទី២៧ វិច្ឆិកា ដែលអ្នកជំងឺទាំងពីរនាក់បានទៅកាន់ហាង Zando និង Pedro រៀងៗខ្លួន គឺចំថ្ងៃដែលមានព្រឹត្តិការណ៍ផ្សព្វផ្សាយលក់ទំនិញគគ្រឹកគគ្រេង ហៅថា Black Friday ដែលនៅថ្ងៃនោះ គេសង្កេតឃើញមានមនុស្សម្នាដើរផ្សារទិញទំនិញបញ្ចុះតម្លៃយ៉ាងច្រើនកុះករ ។
សរុបទូទាំងប្រទេស ករណីឆ្លងកូវីដ-១៩ មានសរុប ៣៥០ករណី ក្នុងនោះ ករណីជាសះស្បើយមានចំនួន ៣០៧នាក់ និង អ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៤៣នាក់ ។ ដោយឡែក គិតពីតួលេខឆ្លងក្នុងសហគមន៍ ពាក់ព័ន្ធនឹង"ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា" ចំនួនអ្នកឆ្លងក្នុងសហគមន៍ កើនឡើងដល់ ៣៤នាក់ហើយ គិតត្រឹមលទ្ធផលតេស្តថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ៕