
ការណ៍នេះ ត្រូវបានអ្នកជំនាញគូសបញ្ជាក់ថា នឹងមិនបង្កផលប៉ះពាល់ដល់ទីផ្សាររថយន្តនៅកម្ពុជា នោះទេ ដោយសាររថយន្តផលិតនៅសហរដ្ឋអាម៉េរិក នៅតែមានថ្លៃដើមខ្ពស់ជាងកម្ពុជា និងម្យ៉ាងទៀត អត្រាពន្ធគយ ០% នេះ សំដៅលើទំនិញមានដើមកំណើតនៅអាម៉េរិក និងមិនមែនជាទំនិញដែលប្រើរួចនោះទេ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការលើកលែងពន្ធ ០% លើការនាំចូលរថយន្តថ្មីពីសហរដ្ឋអាម៉េរិកនឹងធ្វើឱ្យរថយន្តពីសហរដ្ឋអាម៉េរិក ហូរចូលមកកម្ពុជា កាន់តែច្រើន ប៉ុន្តែនឹងពុំមានផលប៉ះពាល់ដល់រថយន្តដំឡើងនៅក្នុងស្រុកនោះទេ ដោយសារការផលិតនៅសហរដ្ឋអាម៉េរិក មានថ្លៃដើមខ្ពស់ជាងការផលិតនៅកម្ពុជា។ ការណ៍នេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរូបនេះ លើកឡើងថា រថយន្តរបស់សហរដ្ឋអាម៉េរិក នៅតែមានតម្លៃខ្ពស់ និងពុំទាន់អាចប្រកួតប្រជែងជាមួយរថយន្តផលិតនៅក្នុងស្រុកបាននៅឡើយទេ។
ដោយឡែក ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យល់ឃើញថា ការលើកលែងពន្ធ ០% លើការនាំចូលរថយន្តពីអាម៉េរិក មកកម្ពុជា ពុំមានអ្វីប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សាររថយន្តនៅកម្ពុជា នោះទេ ដោយសារតែការយកពន្ធនានាដែលច្បាប់បានកំណត់នៅរក្សាដដែល។ ការណ៍នេះ វានឹងធ្វើឱ្យតម្លៃនាំចូលរថយន្តនៅតែខ្ពស់ជាងតម្លៃរថយន្តដែលផលិតនៅក្នុងស្រុកដដែល ដែលវានឹងធានាបាននូវការប្រកួតប្រជែងសម្រាប់រថយន្តដែលផលិតនៅក្នុងស្រុកផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា អត្រាពន្ធគយ ០% ចំពោះទំនិញពីអាម៉េរិក ត្រូវបំពេញលក្ខខណ្ឌចំនួន៣ ដូចជាទំនិញមានដើមកំណើតនៅអាម៉េរិក ហើយទំនិញនោះនាំចេញពីទឹកដីអាម៉េរិកមកកម្ពុជា និងមិនមែនជាទំនិញដែលប្រើរួច។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តការយន្ធគយ ០% លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី៨ ខែសីហា នេះតទៅ៕
អត្ថបទ៖ បូ ដូឡា