សារព័ត៌មានបាងកកប៉ុស្តិ៍ បានរាយការណ៍ថា មន្ត្រីពន្ធនាគារថៃ ប្រហែល ២០ នាក់ កំពុងប្រឈមមុខនឹងការស៊ើបអង្កេត ចំពោះការរៀបចំសិទ្ធិទទួលបានពិសេស (សេវា VIP) ជូនអ្នកទោសជនជាតិចិន ។
វរសេនីយ៍ឯក ប្រាវុធ វង្សស៊ីនីន (Prawut Wongsinin) មន្រ្តីប៉ូលីសជាន់ខ្ពស់ថៃ មួយរូប បានអះអាងក្រោយពេលដែលបានអមដំណើរ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ ទៅកាន់ពន្ធនាគារនៅសង្កាត់ចតុចក្រកាលពីថ្ងៃសៅរ៍ថា រឿងរ៉ាវ និងករណីមិនប្រក្រតីជាច្រើនត្រូវបានកំណត់ ពាក់ព័ន្ធនឹងសេវាកម្ម ដែលសមត្ថកិច្ចប៉ូលីសថៃ បានផ្តល់ជូនក្រុមពិរុទ្ធជនជនជាតិចិន ។
លោកបាននិយាយថា បន្ទាប់ពីប្រមូលភស្តុតាងជិតបីសប្តាហ៍ មន្ត្រីសមត្ថកិច្ចថៃ ប្រហែល ២០ នាក់ រួមទាំងមន្រ្តីជាន់ខ្ពស់ និងថ្នាក់ក្រោម គឺមានពាក់ព័ន្ធនឹងករណីនេះ ។
សារព័ត៌មាន Khaosod English វិញ បានរាយការណ៍ថា នៅក្នុងចំណោមពិរុទ្ធភាពដែលគេបានរកឃើញ គឺមានទាំងករណីបម្រើសេវាកម្មផ្លូវភេទជូនអ្នកទោសទាំងនោះផងដែរ ។
ប្រភពដដែលបានអះអាងថា អ្នកទោសជនជាតិចិន ដែលមានលុយ គឺអាចមានប្រើឥទ្ធិពលយ៉ាងរីករាយនឹងលក្ខខណ្ឌរស់នៅដ៏ពិសេសនៅពន្ធនាគារ រួមទាំងការនាំតារាម៉ូដែលចិន ពីរនាក់ចូលទៅក្នុងបន្ទប់ក្រោមដីសម្ងាត់ ដែលមានម៉ាស៊ីនត្រជាក់ ដែលគេហៅថា ជាកន្លែងផ្តល់ សេវាកម្មផ្លូវភេទនៅពន្ធនាគារ។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន កាលពីពេលថ្មីៗនេះ បានប្រកាសក្ដែងៗនឹងចាត់វិធានការ បោសសម្អាតអំពើពុករលួយនៅក្នុងប្រទេសពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆបោកតាមអនឡាញ បើទោះបីជារដ្ឋាភិបាលរបស់លោកនឹងត្រូវរំលាយនៅប៉ុន្មានខែខាងមុខក្ដី។ លោកអានុទីន ថានឹងមិនទុកនោះឡើយ រាល់មន្ត្រីទាំងឡាយ ដែលពាក់ព័ន្ធនឹងបញ្ហានេះ ខណៈកន្លងមកក៏មានរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ មួយចំនួនបានលាលែងពីតំណែងផងដែរ ក្រោយពីមានរឿងអាស្រូវពុករលួយពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញនេះ។
ដោយៈ សរ សុជាតិ