ក្រុមហ៊ុន IndiGo

កត្តាធំៗ៣បង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ IndiGo លុបចោលជើងហោះហើរជាង៣០០ជើង


ក្រុមហ៊ុនអាកាសចរណ៍ IndiGo ដែលជាក្រុមហ៊ុនដ៏ធំជាងគេមួយរបស់ឥណ្ឌា បានបង្ខំចិត្តលុបចោលជើងហោះហើរជាង៣០០ជើងត្រឹមរយៈពេល៣ថ្ងៃ ដោយធ្វើឱ្យអ្នកដំណើររាប់ពាន់នាក់ជាប់គាំងនៅទូទាំងប្រទេសឥណ្ឌា ដោយក្នុងនោះ ព្រលានយន្តហោះសំខាន់ៗចំនួន៣នៅឥណ្ឌា បានរងផលប៉ះពាល់ខ្លាំងជាងគេ។ បើតាមការអះអាងរបស់ក្រុមហ៊ុននេះ មានកត្តាធំៗ៣ដែលបង្ខំឱ្យខ្លួនសម្រេចធ្វើបែបនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
ក្រុមហ៊ុន IndiGo
ដោយ

ក្រុមហ៊ុនអាកាសចរណ៍ IndiGo ដែលជាក្រុមហ៊ុនធំជាងគេនៅឥណ្ឌា កំពុងប្រឈមនឹងវិបត្តិកាន់តែខ្លាំងឡើង ដោយសារជើងយន្តហោះជាង៣០០ជើងរបស់ក្រុមហ៊ុននេះត្រូវបានលុបចោលចាប់តាំងពីថ្ងៃអង្គារ ទី២ ខែធ្នូ មក ដែលធ្វើឱ្យអ្នកដំណើររាប់ពាន់នាក់ជាប់គាំងនៅទូទាំងប្រទេសនេះ។ ទីក្រុងសំខាន់ៗមួយចំនួនរបស់ឥណ្ឌា ដូចជាញូដេលី, មុំបៃ, ហ៊ីដឺរ៉ាបាដ និងបេងហ្គាលូរូ បានរងផលប៉ះពាល់ខ្លាំងជាងគេ។

ក្រុមហ៊ុន IndiGo បាននិយាយថា មូលហេតុនៃការលុបចោលជើងយន្តហោះដ៏ច្រើននេះ គឺដោយសារបញ្ហាបច្ចេកទេស អាកាសធាតុ និងច្បាប់ ស្តីពី បញ្ជីឈ្មោះបុគ្គលិកថ្មី។ ក្រុមហ៊ុនអាកាសចរណ៍នេះ បាននិយាយថា ពួកគេបានធ្វើការកែតម្រូវកាលវិភាគ នៃការហោះហើររបស់ពួកគេរហូតដល់ថ្ងៃសុក្រ នេះ ដើម្បីធ្វើឱ្យប្រតិបត្តិការមានស្ថិរភាពឡើងវិញ។

កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារសារព័ត៌មាន ANI របស់ឥណ្ឌា បានរាយការណ៍អំពីការលុបចោលជើងយន្តហោះរបស់ក្រុមហ៊ុន IndiGo ចំនួន៣៣ជើង នៅទីក្រុងញូដេលី ចំនួន៨៥ជើងនៅទីក្រុងមុំបៃ និងចំនួន៧៣ជើង នៅទីក្រុងបេងហ្គាលូរូ។ ពេលនេះ អាជ្ញាធរអាកាសចរណ៍ឥណ្ឌា កំពុងស៊ើបអង្កេតលើករណីនៃការរំខានទាំងនេះ ហើយបានស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍នេះពន្យល់អំពីមូលហេតុនៅពីក្រោយការលុបចោល និងការពន្យារពេលការហោះហើរដ៏ច្រើនបែបនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកាមក ក្រុមហ៊ុន IndiGo បានប្រឈមនឹងកង្វះខាតអ្នកបើកយន្តហោះ និងក្រុមអាកាសយានិកក្រោមច្បាប់ស្ដីពីការកំណត់ពេលវេលា នៃការហោះហើរថ្មី (FDTL) ដែលកំណត់ម៉ោងហោះហើរ និងតម្រូវឱ្យអ្នកបើកយន្តហោះសម្រាកបន្ថែមទៀត។

ទោះជាយ៉ាងណា សហព័ន្ធអ្នកបើកយន្តហោះឥណ្ឌា បាននិយាយថា ការលុបចោលការហោះហើរទាំងនេះមិនអាចសន្មតថា បណ្តាលមកពីច្បាប់ថ្មីបានឡើយ ដោយចោទជាចម្ងល់ថា ចុះហេតុអ្វីក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតម្ដេចក៏មិនរងផលប៉ះពាល់ច្រើនដូច្នេះ?

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ម៉ាឡេស៊ី ដាក់ឲ្យដំណើរការកំពង់ផែដ៏ធំមួយនៅច្រកសមុទ្រម៉ាឡាកា ដែលកំពុងបង្កក្តីបារម្ភដល់សិង្ហបុរី

ការដាក់ឲ្យដំណើរការកំពង់ផែថាមពលបណ្តែតមួយនៅលើកោះសិប្បនិម្មិតនាច្រកសមុទ្រម៉ាឡាការបស់ម៉ាឡេស៊ី កំពុងបង្កជាក្តីបារម្ភដល់សិង្ហបុរី ដែលជាមជ្ឈមណ្…

ការដោះដូរពាណិជ្ជកម្មរវាងអាម៉េរិក-ចិន ត្រូវបានរំពឹងថា នឹងដាំក្បាលចុះក្នុងរង្វង់២៥% នៅឆ្នាំនេះ

ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងចិន ត្រូវបានគេរំពឹងថានឹងដាំក្បាលចុះក្នុងរង្វង់២៥% នៅឆ្នាំ២០២៥ ចំពេលអាម៉េរិក កំពុងរៀ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ