លោកស្រី ស្វេតឡាណា ប៉េត្រេនកូ (Svetlana Petrenko) អ្នកនាំពាក្យគណៈកម្មការស៊ើបអង្កេតរបស់រុស្ស៊ី ដែលជាទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មកំពូលនៃប្រទេសរុស្ស៊ី បាននិយាយថា ឧត្តមសេនីយ៍ទោ ហ្វានីល សាវ៉ារ៉ូហ្វ ( Fanil Sarvarov) ប្រធាននាយកដ្ឋានបណ្តុះបណ្តាលប្រតិបត្តិការនៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានដាច់ខ្យល់ស្លាប់ដោយសារការរងរបួសរបស់គាត់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
លោកស្រី ស្វេតឡាណា បាននិយាយថា “អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតលើចំណុចជាច្រើនទាក់ទងនឹងឃាតកម្មនេះ តែចំណុចមួយក្នុងចំណោមនោះ លោកស្រីនិយាយថា អាចជាឃាតកម្មដែលរៀបចំឡើងដោយក្រុមស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន”។
ចាប់តាំងពីក្រុងមូស្គូបានបញ្ជូនកងទ័ពចូលរុករានប្រទេសអ៊ុយក្រែនជិត ៤ឆ្នាំមកនេះ រដ្ឋបាលរុស្ស៊ីបានប្រកាសចោទប្រកាន់ក្រុងគៀវថាជាអ្នកធ្វើឃាតលើមន្ត្រីយោធាជាន់ខ្ពស់ និងឥស្សរជនសំខាន់ៗរបស់ខ្លួនជាច្រើននាក់នៅក្នុងប្រទេសរុស្ស៊ី។ អ៊ុយក្រែនបានចេញមកអះអាង និងទទួលខុសត្រូវលើករណីមួយចំនួន តែមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីចំពោះការស្លាប់របស់ឧត្តមសេនីយរុស្ស៊ីកាលពីថ្ងៃចន្ទ ទី២២ធ្នូកន្លងទៅនេះនៅឡើយទេ៕
អត្ថបទ៖ សួន ឡង់ទី