ដំឡូងមីស្ងួត

ក្រុមហ៊ុនមួយនឹងប្រមូលទិញដំឡូងមីស្ងួតពីកម្ពុជាចំនួន៥០ម៉ឺនតោនសម្រាប់នាំចេញទៅចិន


ក្រុមហ៊ុនមួយនឹងប្រមូលទិញដំឡូងមីស្ងួតរបស់កម្ពុជាចំនួន៥០ម៉ឺនតោនសម្រាប់នាំចេញទៅកាន់ទីផ្សារចិន ដែលជាការរួមចំណែកមួយក្នុងការជួយលើកកម្ពស់តម្លៃដំឡូងមីនៅកម្ពុជា ដែលកំពុងមានការធ្លាក់ចុះ។ ទោះបីចំនួននេះនៅមិនទាន់អាចជួយដល់កសិករក៏ពិតមែន តែអ្នកជំនាញយល់ថា វាជាការបើកផ្លូវមួយសម្រាប់ដំឡូងមីកម្ពុជាក្នុងការហក់ចូលទីផ្សារចិននាពេលអនាគត។ បើតាមការអះអាងរបស់អ្នកជំនាញ ដើម្បីអាចឱ្យទីផ្សារដំឡូងមីនៅកម្ពុជាមានភាពល្អប្រសើរ លុះត្រាតែកម្ពុជាអាចនាំចេញដំឡូងមីបានក្នុងរង្វង់៦លានតោនក្នុង១ឆ្នាំ។
ដំឡូងមីស្ងួត
ដោយ

ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីពេលថ្មីៗ បានចុះកិច្ចព្រមព្រៀងជាមួយនិងក្រុមហ៊ុន COFCO Biotechnology ដើម្បីនាំចេញដំឡូងមីស្ងួតចំនួន៥០ម៉ឺនតោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងនាំចេញដំឡូងមីស្ងួត២០ម៉ឺនតោនកាលពីអំឡុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ។

លោក ឈឿន វុត្ថា អ្នកបច្ចេកទេសជំនាញលើដំណាំដំឡូងមី នៃក្រុមហ៊ុនអង្គរហ្គ្រីនយល់ឃើញថា ទោះកិច្ចព្រមព្រៀងនាំចេញដំឡូងមីនេះមានចំនួនតិចក្ដីច្រើនក្ដី តែវាជាការបើកទីផ្សារសម្រាប់ដំឡូងមីកម្ពុជាក្នុងការហក់ចូលទីផ្សារប្រទេសចិននាពេលអនាគត។ បើតាមអ្នកជំនាញរូបនេះស្ថានភាពទីផ្សារដំឡូងមីបច្ចុប្បន្នហាក់ឡើងចុះមិនទៀងទាត់ និងតម្លៃលក់ក៏មានភាពខុសគ្នាទៅតាមតំបន់នីមួយៗ ជាក់ស្ដែងដំឡូងមីស្រស់នៅខេត្តកំពង់ធំអាចលក់បានក្នុងតម្លៃ១៧០រៀលក្នុងមួយគីឡូក្រាម និងចន្លោះពី៥ទៅ៦រយរៀលក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងមីស្ងួត។

ដោយឡែកលោក នួន ណារិន្ទដា កសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យបានអះអាងថា នៅក្នុងរដូវប្រមូលផលដំឡូងមីខុសរដូវនេះ ដំឡូងមីស្រស់នៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃ១២០រៀលទៅ១៣០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះបើលក់តាមសៃឡូ តែបើលក់ទៅឱ្យក្រុមហ៊ុនបានតម្លៃចន្លោះពី១៦០រៀលទៅ១៧០រៀលក្នុង១គីឡូក្រាម។ បើតាមការអះអាងរបស់កសិកររូបនេះ លុះត្រាតែដំឡូងមីស្រស់អាចលក់បានក្នុងតម្លៃចន្លោះពី២៥០ទៅ៣០០រៀលទើបអាចផ្តល់ប្រាក់ចំណេញដល់កសិករ។ តែយ៉ាងណាលោកសង្ឃឹមថា តាមរយៈកិច្ចព្រមព្រៀងនាំចេញដំឡូងមីស្ងួតទៅចិនខាងលើនឹងជួយធ្វើឱ្យទីផ្សារដំឡូងមីនៅកម្ពុជាមានភាពល្អប្រសើរឡើងវិញ។

ជាមួយគ្នានេះលោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានចាត់ទុកការចុះកិច្ចព្រមព្រៀងប្រមូលទិញដំឡូងមីស្ងួតខាងលើវាជាការរួមចំណែកល្អមួយសម្រាប់កម្ពុជា បើទោះបីការនាំចេញដំឡូងមីចំនួន៧០ម៉ឺនតោនទៅចិនសម្រាប់ឆ្នាំ២០២៥ និង២០២៦ មិនទាន់អាចជួយដោះស្រាយបញ្ហាទីផ្សារដំឡូងមីដល់កសិករក៏ដោយ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ដើម្បីអាចជួយឱ្យទីផ្សារដំឡូងមីមានភាពល្អប្រសើរ លុះត្រាតែអាចនាំចេញបានប្រហែល៥ទៅ៦លានតោននៅក្នុង១ឆ្នាំ។

បើតាមលោក អិល ឈិញ ដើម្បីអាចជួយឱ្យដំឡូងមីរបស់កសិករប្រមូលផលលក់មានទីផ្សារល្អ តម្រូវឱ្យអ្នកមានទុនធំៗក្នុងស្រុកបង្កើតរោងចក្រកែច្នៃខ្សែច្រវ៉ាក់ផលិតកម្មដំឡូងមីស្រស់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីបំពេញបន្ថែមលើការចុះអនុស្សរណៈនាំចូលដំឡូងមីស្ងួតទៅចិនដែលមានស្រាប់របស់រដ្ឋាភិបាលផងដែរ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើការលើកលែងពន្ធលើការនាំចូលរថយន្តពីអាម៉េរិក ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់នៅកម្ពុជា?

ជាថ្នូរនឹងការទទួលបានអត្រាពន្ធគយ១៩% កម្ពុជាបានសម្រេចបញ្ចុះពន្ធមកនៅត្រឹម០%លើទំនិញអាម៉េរិកជាង១ម៉ឺនបន្ទាត់ពន្ធ ក្នុងនោះក៏មានរថយន្តថ្មីផងដែរ ដ…

អាម៉េរិកកំពុងត្រួតពិនិត្យជនបរទេសកាន់ទិដ្ឋាការអាម៉េរិកទាំង៥៥លាននាក់ឡើងវិញ

ក្រសួងការបរទេសសហរដ្ឋអាម៉េរិក កំពុងពិនិត្យកំណត់ហេតុជនបរទេសជាង៥៥លាននាក់ដែលកំពុងកាន់ទិដ្ឋាការអាម៉េរិកនៅមានសុពលភាពឡើងវិញ ដើម្បីដកហូត …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ