បញ្ហាជម្លោះព្រំដែន

តើអ្វីជាច្រកសម្រាប់កម្ពុជាក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន ក្រោយថៃទាត់ចោលកិច្ចព្រមព្រៀងសន្តិភាព?


សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលផ្តួចផ្តើមឡើងដោយមេដឹកនាំអាម៉េរិក និងម៉ាឡេស៊ី ដើម្បីឈានទៅបញ្ចប់ភាពតានតឹងក្នុងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ត្រូវបានភាគីថៃរំលោបបំពាន និងសម្រេចលុបចោលមិនអនុវត្ត ស្របពេលយោធាថៃនៅតែបំពានមកលើកម្ពុជាម្ដងហើយម្ដងទៀតយ៉ាងគឃ្លើនមិនខ្លាចរអារច្បាប់អន្តរជាតិ និងទណ្ឌកម្មអន្តរជាតិ។ តើកម្ពុជានៅមានច្រកអ្វីទៀត ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ?
បញ្ហាជម្លោះព្រំដែន
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយបានគូសបញ្ជាក់ថា ទោះបីជាកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធីតាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិយ៉ាងណាក្តី តែភាគីថៃនៅតែគឃ្លើនបន្តបំពានមកលើកម្ពុជាម្តងហើយម្តងទៀត ដោយមិនគោរពលើកិច្ចព្រមព្រៀងសន្តិភាព ដែលបានបង្កើតឡើងយ៉ាងលំបាក។ ដើម្បីឆ្លើយតបនឹងបញ្ហានៅចំពោះមុខនេះ អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជាត្រូវបន្តអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិកឱ្យដាក់សម្ពាធលើប្រទេសថៃ ដើម្បីឱ្យចូលមកដោះស្រាយបញ្ហានេះដោយសន្តិវិធីវិញ។ ម្យ៉ាងទៀតកម្ពុជា ត្រូវប្តឹងទៅកាន់គ្រប់តួអង្គពាក់ព័ន្ធអន្តរជាតិទាំងអស់ ដែលទទួលបន្ទុកលើសិទ្ធមនុស្សអំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់ទាហានថៃធ្វើមកលើកម្ពុជា។ ទន្ទឹមនេះ កម្ពុជាត្រូវពង្រឹង និងធ្វើទំនើបកម្មវិស័យការពារជាតិបន្ថែម និងពង្រឹងការសាមគ្គីភាពជាតិឱ្យរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ថៃ។

ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកតាមដានការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយល់ឃើញថា ក្រៅពីការបង្ហាញតម្លាភាពទៅកាន់អន្តរជាតិអំពីគោលជំហររបស់កម្ពុជាដែលស្រលាញ់សន្តិភាព និងការគោរពកិច្ចព្រមព្រៀងសន្តិភាពយ៉ាងខ្ជាប់ខ្ជួន ក៏ដូចជាបង្ហាញថាកម្ពុជាមិនមែនជាអ្នកឈ្លានពានមុន កម្ពុជាត្រូវដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិនានាអំពីអំពើឃោឃៅរបស់យោធាថៃ ដែលបានបាញ់សម្លាប់មកលើជនស៊ីវិលកម្ពុជាដោយមិនខ្លាចរអាច្បាប់អន្តរជាតិ។ លើសពីនេះក្នុងករណីយោធាថៃនៅតែបន្តបង្កើនភាពតានតឹង ដោយការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាទៀតនោះ អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជាគួរដល់ពេលត្រៀមឆ្លើយតបទៅវិញតាមរយៈការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធហើយ ដើម្បីការពារបូរណភាពទឹកដីកម្ពុជាពីការរំលោភបំពានយ៉ាងគឃ្លើនរបស់យោធាថៃ។

ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានចាត់ទុកប្រទេសថៃ គឺជារដ្ឋមួយដែលតែងតែឆ្លៀតឱកាសកេងចំណេញលើប្រទេសជិតខាងរបស់ខ្លួន ដូច្នេះដើម្បីទប់ទល់នឹងការរំលោភបំពានរបស់យោធាថៃម្តងហើយម្តងទៀតនេះ កម្ពុជាត្រូវតែពង្រឹងខ្លួនឱ្យបានខ្លាំងទៅលើវិស័យការពារជាតិ និងភាពធន់សេដ្ឋកិច្ច ក៏ដូចជាពង្រឹងទំនាក់ទំនងការទូតជាមួយប្រទេសមហាអំណាចធំៗ ដើម្បីស្វែងរកមធ្យោបាយក្នុងការពង្រឹងសមត្ថភាពកងទ័ព និងគ្រឿងសភាវុធរបស់ខ្លួន។ ហើយអ្វីដែលកម្ពុជាត្រូវធ្វើបន្ទាន់នោះ គឺការប្រមូលភស្តុតាងដែលអាចដាក់បន្ទុកលើយោធាថៃ ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីឱ្យថៃទទួលខុសត្រូវលើអំពីដ៏គឃ្លើនរបស់ខ្លួន។ ទន្ទឹមនេះលោក សេក សុជាតិ យល់ឃើញថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នាផ្សព្វផ្សាយព័ត៌មានដែលថៃបានរំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជាទៅកាន់សហគមន៍អន្តរជាតិឱ្យបានដឹងលឺទូលំទូលាយ ដើម្បីដាក់សម្ពាធលើប្រទេសថៃ។

គួរជម្រាបថា ក្រោយប្រកាសលុបចោលមិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំងពួ ពីសំណាក់នាយករដ្ឋមន្ត្រីថៃ ដោយមិនញញើតនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាម៉េរិក យោធាថៃបានបើកការបាញ់ប្រហារលើពលរដ្ឋស៊ីវិលកម្ពុជា ដែលបណ្តាលរងរបួស៣នាក់ និងស្លាប់ម្នាក់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥៕




អត្ថបទបន្ទាប់


តើអ្វីជាឱកាស និងបញ្ហាប្រឈមសម្រាប់ការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា?

ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រចាប់ពីថ្ងៃទី១…

អ្នកជំនាញរំពឹងប្រេស៊ីល ក្លាយជាច្រកថ្មីក្នុងការពង្រីកវិស័យទេសចរណ៍កម្ពុជាទៅកាន់ទ្វីបអាម៉េរិកខាងត្បូង

ប្រទេសប្រេស៊ីល ដែលមានប្រជាជនជាង២០០លាននាក់ បានក្លាយជាប្រទេសនៅទ្វីបអាម៉េរិកខាងត្បូងដំបូងគេ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ