
នាសិក្ខាសាលាទិញ-លក់ស្រូវ និងអង្ករសម្រាប់ផ្គត់ផ្គង់នាំចេញទៅក្រៅប្រទេស នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក ស វាសនា នាយកក្រុមហ៊ុនកាឡេស៊ីសហ៊្វូដ បានគូសបញ្ជាក់ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យកសិកម្ម ក៏ដូចជាការផលិតស្រូវអង្ករ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងកសិករ ជាពិសេសជួយរក្សាស្ថិរភាពទីផ្សារ និងតម្លៃសមរម្យ ក្រុមហ៊ុនរបស់លោកបានដាក់ផែនការទិញអង្ករក្នុងស្រុកឱ្យបានប្រមាណ១លាន២សែនតោនក្នុង១ឆ្នាំ ឬប្រមាណ១០ម៉ឺនតោនក្នុង១ខែ ក្នុងរយៈពេល២០ឆ្នាំ ដើម្បីនាំចេញទៅលក់ និងចែកចាយបន្តនៅសហភាពអាហ្វ្រិក និងប្រទេសផ្សេងៗទៀត។ លោកបានបន្ថែមថា តាមរយៈផែនការនេះ ក្រុមហ៊ុនលោកនឹងសហការផ្ទាល់ជាមួយដៃគូផលិតក្នុងស្រុកដែលមានស្រាប់ដូចជាសមាគម សហគមន៍ រោងម៉ាស៊ីនកិនស្រូវ និងកសិករ ដោយចុះកុងត្រាសហការជាមួយដៃគូនីមួយៗក្នុងរយៈពេល៥ឆ្នាំម្តង ដ្បិតថា ក្រុមហ៊ុនខ្លួនមានទុនវិនិយោគបម្រុងចំនួន៣០០លានដុល្លារសម្រាប់វិនិយោគលើផែនការនេះ។
លោកស្រី ច័ន្ទ លាភភា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ លឹម ហេងលាភ នៅខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ប្រសិនបើផែនការទិញអង្ករចំនួនប្រមាណ១លាន២សែនតោនក្នុង១ឆ្នាំរបស់ក្រុមហ៊ុនខាងលើនេះដំណើរការបានដោយជោគជ័យនោះ លោកស្រីជឿជាក់ថា តម្លៃ និងទីផ្សារស្រូវអង្ករបស់កម្ពុជានឹងមានភាពស្ថិរភាពប្រសើរឡើង ដោយសារមានទីផ្សារជាក់លាក់មួយសម្រាប់បញ្ជាទិញអង្ករពីរោងម៉ាស៊ីន ហើយរោងម៉ាស៊ីន ក៏មានលទ្ធភាពខ្ពស់ក្នុងការប្រមូលទិញស្រូវពីកសិករផងដែរ។ បើតាមលោកស្រី ច័ន្ទ លាភភា ការប្រមូលទិញស្រូវពីប្រជាកសិករនៅឆ្នាំនេះហាក់មានផលវិបាកមួយចំនួនដោយសារតម្លៃស្រូវមានការប្រែប្រួលឡើងចុះមិនទៀងទាត់ ហើយបណ្តារោងម៉ាស៊ីននានា ក៏ជួបបញ្ហាខ្វះដើមទុនសម្រាប់បង្វិលទិញស្រូវពីប្រជាកសិករផងដែរ ដោយសារទិន្នផលស្រូវដែលកសិករផលិតបានមានចំនួនច្រើនលើសពីសមត្ថភាពដែលរោងម៉ាស៊ីនអាចទទួលទិញបាន។
បើតាមការបញ្ជាក់របស់លោក ស វាសនា ដើម្បីផលិតអង្ករឱ្យបានចំនួន១លាន២សែនតោនសម្រាប់នាំចេញបាន គឺត្រូវការផ្ទៃដីដាំដុះសរុបប្រមាណ២០ម៉ឺនហិកតា។ ក្នុងនោះ ក្រុមហ៊ុនមានតម្រូវការប្រមូលទិញអង្ករប្រភេទ IR504 ចំនួន៦០% ប្រភេទ OM5451 ចំនួន៣០% ប្រភេទអង្ករក្រអូបចំនួនប្រមាណ ១០% និងប្រភេទស្រដៀងគ្នាផ្សេងៗទៀត៕