
លោក ង្វៀន ទ្រួងជាំង (Nguyen Truong Giang) អនុប្រធានគណៈកម្មាធិការច្បាប់របស់សភាវៀតណាម បានគូសបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ សភាវៀតណាម បានអនុម័តលើការកែប្រែច្បាប់ព្រហ្មទណ្ឌពីទោសប្រហារជីវិតលើករណីមួយចំនួនមកជាទោសជាប់ពន្ធនាគារអស់មួយជីវិត ដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ។
ការកំណែទម្រង់ច្បាប់ព្រហ្មទណ្ឌនេះ អាចជួយឱ្យសេដ្ឋិនី ទ្រួង មីឡាន ដែលត្រូវបានកាត់ទោសឱ្យប្រហារជីវិត កាលពីខែមេសា ឆ្នាំ២០២៤ ពីបទកេងបន្លំប្រាក់ជាង១២ពាន់លានដុល្លារពីធនាគារ Saigon Commercial Bank ដែលជាករណីក្លែងបន្លំដ៏ធំបំផុតមិនធ្លាប់មានរបស់វៀតណាម អាចរួចផុតពីទោសប្រហារជីវិត។
លោក ជាំង ហុងថាញ់ មេធាវីការពារក្ដីរបស់សេដ្ឋីនីខាងលើ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Bloomberg បន្ទាប់ពីការអនុម័តច្បាប់របស់សភាថា នេះជាដំណឹងដ៏ល្អមួយសម្រាប់លោកស្រី ឡាន និងក្រុមគ្រួសាររបស់លោកស្រី ប៉ុន្តែពួកគេកំពុងរង់ចាំស្តាប់ពីតុលាការជាផ្លូវការសិន។
ទោះជាយ៉ាងណាលោកស្រី ឡាន នៅតែប្រឈមមុខនឹងការជាប់ពន្ធនាគារជាច្រើនទសវត្សរ៍ បន្ទាប់ពីត្រូវបានកាត់ទោសនៅក្នុងការកាត់ក្តីលើកទីពីរលើទោសឧក្រិដ្ឋមួយចំនួនរួមទាំងការលាងលុយកខ្វក់ និងការក្លែងបន្លំមូលវិក្កយប័ត្រផងដែរ។
ការផ្លាស់ប្តូរច្បាប់ព្រហ្មទណ្ឌដើម្បីកាត់បន្ថយការប្រើប្រាស់ទោសប្រហារជីវិតនេះមានបំណងជួយវៀតណាម បំពេញតាមតម្រូវការនៃកិច្ចសហប្រតិបត្តិការ និងការពង្រីកទំនាក់ទំនងអន្តរជាតិសម្រាប់ការអភិវឌ្ឍជាតិ៕
ដោយ៖ សុខ មង្គល