ជាក់ស្តែងរបាយការណ៍មួយបានបង្ហាញថា អាម៉េរិកកំពុងស្នើសុំថៃ ប្រើប្រាស់ព្រលានយន្តហោះមួយកន្លែងធ្វើជាមូលដ្ឋានយោធា ដើម្បីទប់ទល់ជាមួយអ៊ីរ៉ង់ តែត្រូវបានមន្ត្រីថៃ ចេញមកបដិសេធ។
ក្រុមអ្នកវិភាគខាងសង្គ្រាមអន្តរជាតិ បានបង្ហាញពីការព្រួយបារម្ភចំពោះការរីករាលនៃសង្គ្រាមនៅតំបន់ជម្ឈិមបូព៌ាមកដល់តំបន់អាស៊ីអាគ្នេយ៍ ក្រោយនាវាមុជទឹកអាម៉េរិក បានបាញ់ពន្លិចនាវាចម្បាំងរបស់អ៊ីរ៉ង់ នៅខាងក្រៅឆ្នេរសមុទ្រប្រទេសស្រីលង្កា ដែលស្ថិតក្នុងតំបន់អាស៊ីកាលពីប៉ុន្មានថ្ងៃមុន។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ាន អង្គុយមិនជាប់កៅអី និងមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពតំបន់។
ទន្ទឹមស្ថានការនៅក្នុងតំបន់កាន់តែតានតឹង មានរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីប្រទេសថៃ បានឱ្យដឹងថា លោក សន ខេ អូនីល (Sean K. O’Neill) ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសថៃ បានចូលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុល កាលពីថ្ងៃទី៤ ខែមីនា ដើម្បីស្នើសុំប្រើប្រាស់ព្រលានយន្តហោះអ៊ូតាប៉ាវ ក្នុងខេត្តរ៉ាក់យ៉ង ធ្វើជាមូលដ្ឋានប្រតិបត្តិការយោធាដ៏សំខាន់ក្នុងការត្រៀមលក្ខណៈសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលកំពុងរីករាលដាល។
បន្ទាប់មកនៅថ្ងៃទី៦ ខែមីនា កាសែត បាងកក ប៉ុស្តិ៍ បានចុះផ្សាយដោយដកស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដើម្បីពន្លត់កម្ដៅព័ត៌មានដ៏ស្រួចស្រាលខាងលើ។ លោក បានបញ្ជាក់យ៉ាងថា នៅក្នុងជំនួបកាលពីថ្ងៃទី៤ ខែមីនា នោះ ពុំមានការពិភាក្សាអំពីការផ្ដល់ព្រលានយន្តហោះអ៊ូតាប៉ាវ ឱ្យអាម៉េរិកប្រើក្នុងគោលដៅសង្គ្រាមឡើយ គឺគ្រាន់តែពិភាក្សាលើកិច្ចសហប្រតិបត្តិការការពារជាតិ ទូទៅតែប៉ុណ្ណោះ។
ប្រមុខការទូតថៃរូបនេះបានបន្តថា រាល់កិច្ចសហការប្រើប្រាស់ដែនអាកាស ឬការចុះសំចតដើម្បីចាក់សាំង គឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀងសន្តិសុខតាមប្រក្រតី ដែលថៃ ធ្លាប់អនុវត្តជាមួយប្រទេសជាច្រើន។ រដ្ឋមន្ត្រីការបរទេសថៃ រូបនេះ បានសង្កត់ធ្ងន់ថា ការអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីថៃ ជាមូលដ្ឋានទ័ព ដើម្បីទៅវាយប្រហារប្រទេសផ្សេង ជាពិសេសប្រទេស ដែលថៃ មានទំនាក់ទំនងល្អជាមួយផងនោះ គឺដាច់ខាតមិនស្ថិតនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលថៃឡើយ៕
អត្ថបទៈ សួន ឡង់ទី