របាយការណ៍ស្រាវជ្រាវមួយរបស់ក្រុមហ៊ុនវិភាគទិន្នន័យ blockchain Chainalysis ដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា បណ្តាញលាងលុយកខ្វក់ដែលប្រើប្រាស់ភាសាចិន បានចាក់បញ្ចូលថវិកាខុសច្បាប់រហូតដល់ជាង១៦ពាន់លានដុល្លារទៅក្នុងប្រតិបត្តិការទូទាត់រូបិយប័ណ្ណគ្រីបតូកាលពីឆ្នាំ២០២៥។
បើតាមរបាយការណ៍ដដែលនេះ ប្រតិបត្តិការទូទាត់តាមយន្តការគ្រីបតូនៅពេញមួយឆ្នាំ២០២៥ មានតម្លៃសរុបរហូតដល់ទៅជាង៨២ពាន់លានដុល្លារ ក្នុងនោះគ្រាន់តែបណ្តាញឧក្រិដ្ឋកម្មដែលប្រើប្រាស់ភាសាចិន មានទំហំប្រមាណ២០%នៃទំហំប្រតិបត្តិការសរុប។ បណ្តាញឧក្រិដ្ឋកម្មភាគច្រើនត្រូវបានគេដឹងថា បានដំណើរការទំនាក់ទំនង និងតភ្ជាប់ទីផ្សារ និងប្រតិបត្តិការផ្សេងៗតាមរយៈបណ្តាញសង្គម Telegram។
បើតាមរបាយការណ៍ខាងលើច្រកលាងលុយ ដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ភាសាចិននិយមប្រើរួមមាន យន្តការ Stablecoins ដែលងាយស្រួលក្នុងការទូទាត់រវាងប្រាក់ដុល្លារ និង Bitcoin។ ក្រៅពីនោះមានកាស៊ីណូ និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗទៀត៕
ដោយៈ សរ សុជាតិ