
ការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន Ludwig Institute for Shared Economic Prosperity ដែលជាអ្នកសិក្សាស្រាវសេដ្ឋកិច្ចដ៏ល្បីល្បាញមួយនៅលើពិភពលោក បានរកឃើញថា អត្រាអ្នកអត់ការធ្វើការងារធ្វើនៅសហរដ្ឋអាម៉េរិក មានរហូតដល់២៤,៣% ឬស្មើនឹងចំនួនប្រជាជនប្រមាណ៦៦លាននាក់។ តួលេខនេះ មានការខុសគ្នាឆ្ងាយពីតួលេខនៅក្នុងរបាយការណ៍របស់រដ្ឋបាលអាម៉េរិក ដែលបានចេញផ្សាយកាលពីពេលថ្មីៗដោយអះអាងថា អត្រាអ្នកអត់ការងារធ្វើនៅសហរដ្ឋអាម៉េរិក កាលពីខែមេសា មានត្រឹមតែ៤,២% តែប៉ុណ្ណោះ។ វិទ្យាស្ថាននេះ បានអះអាងថា តួលេខរបស់ខ្លួនរាប់ទាំងកម្មករអត់ការងារធ្វើ រួមទាំងអ្នកដែលកំពុងស្វែងរកការងារធ្វើ ដោយមិនទទួលបានការងារពេញម៉ោង និងបុគ្គលមានប្រាក់ឈ្នួលទាប ដែលសឹងតែមិនអាចដោះស្រាយជីវភាពបាន។
លោក ជេន លូដវិក (Gene Ludwig) ប្រធានវិទ្យាស្ថានខាងលើបានប្រាប់ទូរទស្សរន៍ CBS ថា ទិន្នន័យនេះរាប់ទាំងអ្នកដែលគ្មានការងារធ្វើ អ្នកដែលមានការងារធ្វើដែរតែប្រាក់ចំណូលតិច និងអ្នកដែលមានការងារធ្វើមិនជាប់លាប់។
តែទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនហាក់មានការសង្ស័យ ពីវិធីសាស្រ្ត និងលទ្ធផលនៃការស្រាវជ្រាវរបស់វិទ្យាស្ថាននេះ។ លោក ដេវីដ ខាត (David Card) សេដ្ឋវិទូអាម៉េរិក មួយរូបអះអាងថា លោកមិនសូវមានជំនឿលើការសិក្សាស្រាវជ្រាវដែលរកឃើញនេះនោះទេ។
តែយ៉ាងណាបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី ស្ថានភាពការងារនៅសហរដ្ឋអាម៉េរិក ហាក់ស្ថិតក្នុងភាពមន្ទិលនៅឡើយ ហើយស្របពេលពលអាម៉េរិក កំពុងស្វែងរកការងារធ្វើ ក្នុងកាលៈទេសៈសេដ្ឋកិច្ចមិនសូវអំណោយផល និងលំបាកនេះ បានធ្វើឱ្យពលរដ្ឋអាម៉េរិកមួយចំនួនកំពុងក្លាយជាជនរងគ្រោះដោយសារការបោកប្រាស់ ក្រោមរូបភាពផ្តល់ការងារធ្វើជាមួយប្រាក់ចំណូលខ្ពស់៕
ដោយៈ សរ សុជាតិ