
គណបក្សប្រឆាំង ថៃសាងថៃ កាលពីយប់ថ្ងៃទី២៣ ខែសីហា បានចេញសេចក្ដីថ្លែងការណ៍មួយដោយស្នើឲ្យសភាថៃ លុបចោល MoU ពីរ ស្ដីពី ព្រំដែនគោក និងព្រំដែនសមុទ្រ ដែលថៃបានចុះហត្ថលេខាជាមួយកម្ពុជា។ គណបក្ស ដែលមាន៦អាសនៈនៅក្នុងសភានេះជឿជាក់ថា បញ្ហា និងកង្វល់នានាទាក់ទងនឹងផលប៉ះពាល់ ដែលអាចកើតមានលើផលប្រយោជន៍ជាតិត្រូវតែដោះស្រាយស្របតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែគណបក្សនេះបានបង្ហាញពីភាពជាតិនិយមជ្រុល ក្រោយកើតមានការប៉ះទង្គិចគ្នានៅតាមព្រំដែន ស្របពេលកម្ពុជា កំពុងប្រឹងប្រែងស្វែងរកដំណោះស្រាយតាមគោលការណ៍សន្តិភាព។
គណបក្សនេះ បានអះអាងថា ថៃ បានអនុវត្តស្របតាមស្តង់ដាច្បាប់អន្តរជាតិ ប៉ុន្តែអ្វីដែលគួរឱ្យអស់សំណើចនោះ គឺគណបក្សនេះជំរុញឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់ផែនទីខ្នាត១/៥០,០០០ ដែលថៃ គូសដោយឯកតោភាគីក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា។ គណបក្សនេះបានលើកឡើងពីក្រឹត្យក្រមអន្តរជាតិ ប៉ុន្តែបែជាលើកទឹកចិត្តឱ្យលុបចោលអនុស្សរណៈ ដែលជាយន្តការទ្វេភាគី ហើយបែរជាលើកទឹកចិត្តឱ្យប្រើប្រាស់រាជក្រឹត្យ ដែលចេញដោយមហាក្សត្រខ្លួនកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៧៣ ហើយអះអាងថា វាស្របតាមច្បាប់តាមអន្តរជាតិ ជាពិសេសលើអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីពី ដែនសមុទ្រឆ្នាំ១៩៥៨ ទៅវិញ។
គណបក្សនេះបានបង្ហាញការយល់ឃើញថា ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងត្រូវតែឈរលើស្តង់ដាអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្ត ប្រទេសថៃ ចូលចិត្តប្រើយន្តការឯកតោភាគីយកមកដោះស្រាយបញ្ហាទៅវិញ។
គួររំលឹកថា គណបក្សថៃសាងថៃ គឺជាគណបក្សនយោបាយមួយ ដែលបំបែកចេញពីគណបក្សភឿថៃ កាលពីឆ្នាំ២០២១ ដឹកនាំដោយលោកស្រី ស៊ូដារ៉ាត់ កេយុរ៉ាផាន់ (Sudarat Keyuraphan)។ លោកស្រី ជាអ្នកនយោបាយចាស់វស្សាមួយរូបដែលធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីនៅក្រសួងមួយចំនួនក្នុងជំនាន់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្វើជានាយករដ្ឋមន្រ្តី៕