
ក្រោយទទួលបានជោគជ័យលើការបោះផ្សាយលក់មូលបត្របំណុលបន្ទាប់បន្សំលើកទី១ រួចមក ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជា និងជាធនាគារដំបូងគេនៅកម្ពុជា ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធនៅផ្សារមូលបត្រកម្ពុជា នឹងបោះផ្សាយលក់មូលបត្របំណុលជាលើកទី២ នៅខែកញ្ញា នេះ ក្នុងទំហំប្រមាណ១០០លានដុល្លារ ដើម្បីកៀរគរទុនបន្ថែមទៀត។
លោកស្រី ម៉ា អមរា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា គោលបំណងនៃការបោះផ្សាយលក់មូលបត្របំណុលបន្ទាប់បន្សំលើកទី២នេះ គឺសម្រាប់គោលដៅសាជីវកម្ម និងកំណើនការលូតលាស់របស់ អេស៊ីលីដា រយៈពេលវែង និងប្រកបដោយចីរភាព ក៏ដូចជាដើម្បីចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល តាមរយៈការបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការគាំទ្រផ្តល់ទុនហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដែលជាកត្តាជំរុញដ៏សំខាន់ដើម្បីបង្កើតឱកាសការងារ ការបង្កើតប្រាក់ចំណូល លើកកម្ពស់គុណភាពជីវិត ជំរុញផលិតភាព ពង្រឹងសេដ្ឋកិច្ចក្នុងស្រុក និងការអភិវឌ្ឍន៍។
គួរជម្រាបថា ធនាគារអេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជដំបូងគេ ដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅលើផ្សារមូលបត្រកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០ និងបានបន្តធ្វើការបោះផ្សាយកល់មូលបត្របំណុលបន្ទាប់បន្សំបន្ថែមកាលពីខែមីនា ឆ្នាំ២០២៥ ដោយប្រមូលទុនបានប្រមាណ១០០លានដុល្លារ៕
អត្ថបទ សោម ស្រីពេជ្រ