អត្ថបទពាណិជ្ជកម្ម

អេស៊ីលីដា ត្រៀមនឹងលុបបំណុលសរុបដល់ ៣០លានដុល្លារ សម្រាប់យោធិនពិកា និង យោធិនពលី នៅសមរភូមិជួរមុខក្នុងជម្លោះព្រំដែនខ្មែរ-ថៃ


ធនាគារអេស៊ីលីដា នៅថ្ងៃទី ១៦ ខែធ្នូ នេះ បានប្រកាសអំពីផែនការលុបបំណុលសរុប ៣០លានដុល្លារ សម្រាប់អតិថិជនរបស់ខ្លួន ដែលជាយោធិនពិកា និងយោធិនពលី នៅសមភូមិជួរមុខ ដែលបានប្រយុទ្ធតតាំងយ៉ាងអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដី ប្រឆាំងនឹងកងទាហានឈ្លានពានថៃ។ ជាមួយគ្នានេះ អេស៊ីលីដា បានប្រកាស អំពីការពន្យារពេលសងបំណុលរបស់អតិថិជន ដែលជាយោធិនជួរមុខសរុបប្រមាណ ៧០លានដុល្លារផ្សេងទៀតផងដែរ។
អេស៊ីលីដា ត្រៀមនឹងលុបបំណុលសរុបដល់ ៣០លានដុល្លារ សម្រាប់យោធិនពិកា និង យោធិនពលី នៅសមរភូមិជួរមុខក្នុងជម្លោះព្រំដែនខ្មែរ-ថៃ
ដោយ
អំពី Acleda Bank

កាអនុវត្តពន្យារពេលបំណុល និងលុបបំណុលនេះ បានធ្វើឡើងស្របទៅតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ១០ ខែធ្នូ ស្ដីពីវិធានការជួយសម្រួលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានលើកឡើងថា ក្នុងនាមជាធនាគារខ្មែរ អេស៊ីលីដា តែងតែចូលរួមនៅក្នុងកម្មវិធីអភិវឌ្ឍជាតិសំខាន់ៗទាំងនៅក្នុងស្រុក តំបន់ និងពិភពលោក។ យ៉ាងណាមិញ អំឡុងពេលប្រទេសជាតិ និងប្រជាពលរដ្ឋជួបនូវបញ្ហាសង្គ្រាមឈ្លានពានពីបរទេស ធនាគារ អេស៊ីលីដា បាននិងកំពុងចូលរួមកាន់តែខ្លាំងក្លាថែមទៀត រួមទាំងការផ្ដល់ជាស្បៀងអាហារ ជំនួយមូលនិធិ និងការអនុគ្រោះផ្សេងៗទាក់ទងនឹងឥណទាន ដើម្បីជួយសម្រាលបន្ទុក នៃការលំបាកទាំងនេះ។

បណ្ឌិត អ៊ិន ចាន់នី បន្ថែមថា ធនាគារអេស៊ីលីដា មានសាខា និងការិយាល័យចំនួន ២៥ ដែលស្ថិតនៅក្នុងខេត្តចំនួន ៧ ជាប់ព្រំដែននឹងប្រទេសថៃ ដោយក្នុងនោះមាន ១៤សាខា និង ការិយាល័យបានបិទទ្វារផ្អាកដំណើការជាបណ្ដោះអាសន្ន ដោយសារតែបញ្ហាសង្គ្រាមឈ្លានពានរបស់យោធាថៃ។

បើតាមបណ្ឌិត អ៊ិន ចាន់នី សាខា និងការិយាល័យទាំង ២៥ នោះ បានផ្ដល់ឥណទានសរុបប្រមាណ ៧០០លានដុល្លារ (ប្រមាណ១០%នៃទំហំឥណទានសរុប) ទៅឱ្យអតិថិជនជាង ៥ម៉ឺន២ពាន់នាក់ និងមានប្រាក់បញ្ញើចំនួន ៥០០លានដុល្លារ (ប្រមាណជាង ៥%នៃបញ្ញើសរុប) ជាមួយអតិថិជនដាក់ប្រាក់បញ្ញើជាង ៣២ម៉ឺននាក់។

ក្រៅតែពីការអនុវត្តការពន្យារពេលសងបំណុល និងលុបចោលបំណុល សម្រាប់អតិថិជន ជាយោធិនពិកា និងយោធិនពលី ធនាគារអេស៊ីលីដា ក៏បានត្រៀមចាត់វិធានការអនុគ្រោះផ្នែកឥណទានមួយចំនួនទៀត សម្រាប់អតិថិជន ដែលជាជាជនភៀសសឹកផងដែរ ស្របទៅតាមការណែនាំរបស់ធនាគារជាតិ នៃកម្ពុជា។

បើតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី វិធានការជួយ សម្រួលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្ដល់នូវការអនុគ្រោះដល់ អតិថិជន ជាជនភៀសសឹក យោធិនពិកា និង យោធិនពលី នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីនេះ ដោយក្នុងនោះ សម្រាប់អតិថិជន ដែលជាយោធិនពិកា នៅក្នុងសមរភូមិបច្ចុប្បន្ន នឹងទទួលបានការលុបចោលបំណុលរហូតដល់ ១០លានរៀល។ រីឯ អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី នឹងទទួលបានការលុបចោលបំណុលរហូតដល់ ៨០លានរៀល។

សូមបញ្ជាក់ដែរថា នៅអំឡុងពេលមានការផ្ទុះជម្លោះនៅព្រំដែនកម្ពុជា-ថៃ កាលពីខែកក្កដាកន្លងទៅ អេស៊ីលីដា បានលុបបំណុលរបស់យោធិនពិកា និងយោធិនពលី សរុបចំនួន ៤លាន២សែនដុល្លាររួចហើយ ស្របតាមសេចក្ដីណែនាំរបស់របស់ធនាគារជាតិនៃកម្ពុជា។




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា

នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ