ADB

ADB ព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច៤,៥%នៅឆ្នាំនេះ បើការរំខានដោយសង្គ្រាមនៅអ៊ីរ៉ង់មិនអូសបន្លាយយូរ


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងអត្រា ៤,៥%ក្នុងឆ្នាំ២០២៦ ទាបជាងតួលេខព្យាករកន្លងមកដែលរំពឹងសម្រេចបានក្នុងរង្វង់៥%។ កម្ពុជាអាចសម្រេចកំណើនសេដ្ឋកិច្ចក្នុងអត្រានេះបាន ទាល់តែការរំខានដល់ទីផ្សារទំនិញសកលដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ានឹងមិនអូសបន្លាយពេលយូរ។ ទោះជាយ៉ាងណា ADB រំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញដល់៥% នៅឆ្នាំ២០២៧ ខាងមុខ។
ADB
ដោយ
អំពី ADB

នៅក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៥%នៅឆ្នាំ២០២៦នេះ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ាមិនអូសបន្លាយយូរ។ តួលេខនេះមានការធ្លាក់ចុះបើធៀបនឹងការព្យាករកន្លងមក ដោយកាលនោះ ADB រំពឹងសម្រេចបានកំណើនក្នុងរង្វង់៥%។ ជាមួយគ្នានេះ ADB បានព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥%នៅឆ្នាំ២០២៧ ប្រសិនបើស្ថានភាពនៅមជ្ឈិមបូព៌ាឆាប់ធូរស្រាល ហើយការកែទម្រង់ក្នុងស្រុកបន្តលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។

លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនគារអភិវឌ្ឍន៍អាស៊ីបានគូសបញ្ជាក់ថាកម្ពុជានៅតែបន្តបង្ហាញភាពធន់ចំពោះសម្ពាធពីខាងក្រៅ ស្របពេលវិស័យកម្មន្តសាលនៅតែជាសរស្តម្ភដ៏រឹងមាំ ខណៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញវិស័យទេសចរណ៍ នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច បើទោះជាមានបញ្ហាប្រឈមជាសកលក៏ដោយ។

បើយោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ ADB វិស័យកម្មន្តសាលនឹងនៅតែជាក្បាលម៉ាស៊ីនកំណើនដ៏សំខាន់ ដោយរំពឹងថា នឹងកើនឡើង៧,៣% តាមរយៈការបញ្ជាទិញសម្លៀកបំពាក់ និងកំណើន នៃផលិតផលកម្មន្តសាលក្រៅពីវាយនភណ្ឌ។ ដោយឡែកវិស័យកសិកម្មត្រូវបានរំពឹងថា នឹងរក្សាកំណើនក្នុងរង្វង់០,៩% ដែលគាំទ្រដោយការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី រួមនឹងការធ្វើសមាហរណកម្មកម្លាំងពលកម្មត្រឡប់មកវិញ។

ទោះជាយ៉ាងណា វិស័យសេវាកម្មត្រូវបានព្យាករថា នឹងថយចុះមកត្រឹម២,៣%នៅឆ្នាំនេះបើធៀបនឹង៣,៤% ក្នុងឆ្នាំ២០២៥ ដោយសារផលប៉ះពាល់ នៃការបិទព្រំដែនជាមួយប្រទេសថៃ។ ចំណែកឯអត្រាអតិផរណាវិញអាចនឹងហក់ឡើងដល់២,៨%ជាមធ្យមក្នុងឆ្នាំនេះ ប្រសិនបើថ្លៃទំនិញសកលនៅតែបន្តហក់ឡើងខ្ពស់ដោយសារជម្លោះនៅមជ្ឈិមបូព៌ា។ ADB ព្រមានថា ការកើនឡើង នៃតម្លៃប្រេងឥន្ធនៈអូសបន្លាយពេលយូរ នឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យកសិកម្ម ផលិតកម្ម និងទេសចរណ៍របស់កម្ពុជា។

ក្រៅពីបញ្ហាខាងក្រៅ ADB ក៏បានសង្កត់ធ្ងន់លើបញ្ហាផ្ទៃក្នុងផងដែរ ជាពិសេសគម្លាតជំនាញ។ ដើម្បីសម្រេចបានគោលដៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ កម្ពុជាចាំបាច់ត្រូវបង្កើនផលិតភាពប្រកបដោយនិរន្តរភាពតាមរយៈការវិនិយោគលើមូលធនមនុស្ស និងការកែទម្រង់ប្រព័ន្ធបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យស្របតាមតម្រូវការទីផ្សារជាក់ស្ដែង៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនបាចាច (BAJAJ) បន្តជំរុញការអភិវឌ្ឍទីក្រុងភ្នំពេញឲ្យឆ្លាតវៃជាងមុន

ការធ្វើដំណើរជាមួយគ្នា (shared ride) មួយលើក អាចជួយកាត់បន្ថយរថយន្ត ឬម៉ូតូជាច្រើនលើដងផ្លូវ។ ក្នុងបរិបទសម័យកាលដែលថ្លៃប្រេងកំពុងកើនឡើង ការ…

EU បដិសេធមិនចូលដៃជាមួយលោក ត្រាំ និងអ៊ីរ៉ង់ រឿងយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

គណៈកម្មការអឺរ៉ុប បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាម៉េរិក ឬអ៊ីរ៉ង់ ក្នុងការទាមទារកម្រៃសេវាពីកប៉ាល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ