ជាការកត់សម្គាល់របស់អ្នកជំនាញ បច្ចុប្បន្នវិស័យបច្ចេកវិទ្យាឌីជីផលនៅកម្ពុជាមានការរីកចម្រើន តែហាក់ខ្វះធនធានមនុស្ស និងសម្ភារ។
លោក Anthony Gill នាយកស្តីទីរបស់ធនាគារអភិវឌ្ឍអាស៊ីប្រចាំប្រទេសកម្ពុជាបានលើកឡើងថា កម្ពុជាកំពុងឈានឆ្ពោះទៅក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ អ្នកជំនាញហិរញ្ញវត្ថុរូបនេះជឿជាក់ថា តាមរយៈកម្ចីហិរញ្ញប្បទាន៥០លានដុល្លាររបស់ ADB ដែលទើបអនុម័តឱ្យកម្ពុជាកាលពីពេលថ្មីៗនេះ វានឹងជួយគាំទ្រដល់ការពង្រឹងសមត្ថភាព ជំរុញឱ្យមានស្ថិរភាព និងការអនុវត្តប្រតិបត្តិការនៅក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា កសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងជួយជំរុញសក្តានុពលក្នុងវិស័យឯកជន តាមរយៈការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយថាមពល និងបរិយាបន្ន។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាសង្កេតឃើញថា បច្ចុប្បន្នវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តែចំនួនធនធានមនុស្ស សម្ភារៈ និងកិច្ចការងារបច្ចេកទេសនៅក្នុងវិស័យហិរញ្ញវត្ថុហាក់នៅមានកម្រិតនៅឡើយដែលទាមទារឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀត។ ដូច្នេះតាមរយៈកម្ចីហិរញ្ញប្បទាន៥០របស់ធនាគារអភិវឌ្ឍន៍អាស៊ី ទោះបីវាជាចំនួនតិចតួត តែវាជាផ្នែកមួយក្នុងរួមចំណែកជួយគាំទ្រដល់ការអភិវឌ្ឍចំណុចខ្វះខាតនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
«សំឡេងបណ្ឌិត ហុង វណ្ណៈ»
គួរបញ្ជាក់ថា ការអនុវត្តយុទ្ធសាស្ត្រអប់រំផ្នែកហិរញ្ញវត្ថុនៅកម្ពុជាក្នុងកម្មវិធីកម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លាររបស់ធនាគារអភិវឌ្ឍន៍អាស៊ី នឹងជួយបង្កើតបរិយាកាសឱ្យកាន់តែមានភាពអំណោយផលសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយបរិយាបន្ន ដោយមានការគាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្កើនក្របខណ្ឌនិរន្តរភាពនៅទូទាំងវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះតាមរយៈកម្ចីនេះ នឹងបង្កើតឱ្យមានក្រុមការងារហិរញ្ញវត្ថុបៃតង និងការដាក់ចេញគោលការណ៍ណែនាំសម្រាប់ការចែករំលែកព័ត៌មានអំពីនិរន្តរភាពសាជីវកម្ម និងបង្កើតយន្តការសម្រាប់ការចេញសញ្ញាបណ្ណនិរន្តរភាពសម្រាបវិស័យសាធារណៈ ក៏ដូចជាគោលដៅនៃការវិនិយោគប្រកបដោយចីរភាពផងដែរ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា