នៅប៉ុន្មានម៉ោងបន្ទាប់ពីសភាតំណាងរាស្ត្របានបោះឆ្នោតអនុម័ត ដើម្បីចាប់ផ្តើមផ្ដល់ជំនួយស្បៀងអាហារដែលអាក់ខានឡើងវិញ បើកប្រាក់ខែដល់មន្ត្រីសហព័ន្ធរាប់រយរាប់ពាន់នាក់ និងធ្វើឱ្យប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសមានសកម្មភាពរស់រវើកឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ទីបំផុតរដ្ឋបាលលោក ដូណាល់ ត្រាំ មានលុយចាយវិញហើយ បន្ទាប់ពីលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់ការបិទផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិករយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក នៅប៉ុន្មានម៉ោងក្រោយសភាអាម៉េរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតអនុម័តកញ្ចប់ថវិកាដោយសំឡេង២២២ទល់នឹង២០៩ សំឡេង។
ការចុះហត្ថលេខារបស់លោក ដូណាល់ ត្រាំ លើសេចក្តីព្រាងច្បាប់ថវិកាដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីដើមសប្តាហ៍នេះ នឹងអនុញ្ញាតឱ្យមន្ត្រីសហព័ន្ធ ដែលត្រូវបានដាក់ឱ្យឈប់សម្រាកបណ្ដោះអាសន្នដោយសារការបិទដំណើរការរដ្ឋាភិបាលរយៈពេល៤៣ថ្ងៃ អាចត្រលប់ចូលធ្វើការវិញចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា តទៅ។ ទោះជាយ៉ាងណា ការផ្ដល់សេវា និងប្រតិបត្តិការរដ្ឋាភិបាលពេញលេញនឹងចាប់ផ្តើមឡើងវិញឆាប់រហ័សប៉ុនណា នៅមិនទាន់ច្បាស់នៅឡើយទេ។
តែយ៉ាងណានៅក្នុងអំឡុងពេលចុះហត្ថលេខា លោក ដូណាល់ ត្រាំ បានឆ្លៀតបន្ទោសពួកប្រជាធិបតេយ្យ ដែលធ្វើឱ្យរដ្ឋាភិបាលសហព័ន្ធឈានដល់ការបិទផ្អាកដំណើរការរយៈពេលរហូតដល់ទៅ៤៣ថ្ងៃ ហើយលោកបានលើកឡើងថា អាម៉េរិកមិនគួរឱ្យរឿងបែបនេះកើតឡើងម្តងទៀតនោះទេ ព្រោះនេះមិនមែនជាវិធីដឹកនាំប្រទេសឡើយ។ តាមរយៈកិច្ចព្រមព្រៀងខាងលើវាបានពង្រីកការផ្តល់មូលនិធិរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដោយបើកផ្លូវឱ្យរដ្ឋាភិបាលសហព័ន្ធរក្សាការបង្កើនបំណុលប្រមាណ១,៨ទ្រីលានដុល្លារក្នុងមួយឆ្នាំបន្ថែមពីលើបំណុល ៣៨ទ្រីលានដុល្លាររបស់ខ្លួន។
សូមបញ្ជាក់ថា បំណុលជាតិរបស់សហរដ្ឋអាម៉េរិកក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១របស់ពិភពលោក បានរីកប៉ោងឡើងយ៉ាងខ្លាំងលើស៣៨ពាន់ពាន់លានដុល្លារ ហើយនៅពេលនេះ ខណៈដែលអង្គការឃ្លាំមើលបានព្រមានថា ទំហំបំណុលនេះជាកម្រិតដែលអាម៉េរិកគ្រប់គ្រងលែងជាប់ ពីព្រោះក្នុងមួយឆ្នាំត្រូវបង់ការប្រាក់ដល់ទៅ១ទ្រីលានដុល្លារលើបំណុលនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន FORTUNE។
ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកលោក Scott Bessent ធ្លាប់បានប៉ាន់ប្រមាណថា ការបិទផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិកបានធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិក ខាតបង់រហូតដល់ទៅ ១៥ពាន់លានដុល្លារក្នុ្ងងមួយថ្ងៃ។ ដូចនេះតាមការគណនាត្រួសៗ ប្រសិនបើ១ថ្ងៃខាត១៥ពាន់លានដុល្លារ នោះសហរដ្ឋអាម៉េរិកនឹងខាតបង់រហូតដល់ទៅ៦៤៥ពាន់លានដុល្លារដោយសារតែការបិទផ្អាកដំណើរការរដ្ឋាភិបាលរយៈពេល៤៣ថ្ងៃកន្លងមកនេះ៕
ដោយ: តែម សុខុម