អ្នកឧកញ៉ា សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN Group បានវាយតម្លៃថា ការចាកចេញរបស់ជនបរទេសមួយចំនួនក្រោយអាជ្ញាធររឹតបន្តឹងលើករណីឆបោកតាមអនឡាញ នឹងមិនបង្កផលប៉ះពាល់ដល់វិស័យអចលនទ្រព្យយូរនោះទេ តែនៅក្នុងអន្តរកាលនេះអាចធ្វើឱ្យម្ចាស់អចលនទ្រព្យរងផលប៉ះពាល់ដោយសារបាត់ចំណូល។ ទោះបីជាការចាកចេញនេះបង្កផលប៉ះពាល់ដល់ថ្លៃជួលអគារក្នុងដំណាក់កាលអន្តរកាលក៏ពិតមែន ប៉ុន្តែវានឹងមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យក្នុងរយៈពេលវែងឡើយ។ អ្នកជំនាញរូបនេះយល់ឃើញថា នេះគឺជាយុទ្ធសាស្ត្របោសផ្ទះចាំភ្ញៀវ ដើម្បីកសាងទំនុកចិត្ត និងទាក់ទាញវិនិយោគិនពិតប្រាកដមកសាងសង់រោងចក្រ និងសហគ្រាស ដែលនឹងបង្កើនតម្រូវការអចលនទ្រព្យប្រកបដោយចីរភាពវិញនាពេលខាងមុខ។
ជាមួយគ្នានេះ លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា ការចាកចេញរបស់ជនបរទេសមួយចំនួនក្នុងយុទ្ធនាការបោសសម្អាតសកម្មភាពឆបោកតាមអនឡាញនឹងបង្កផលប៉ះពាល់មួយចំនួនដល់ការជួលអគារ។ ទន្ទឹមនេះ ប្រសិនបើមិនមានអ្នកមកជួលបន្តទេនោះ ក៏នឹងមានផលប៉ះពាល់ដល់ផ្នែកទិញលក់ក្នុងវិស័យអចលនទ្រព្យផងដែរ។
លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានចាត់ទុកការចាកចេញរបស់ជនបរទេសមួយចំនួនក្នុងយុទ្ធនាការបង្រ្កាបសកម្មភាពខុសច្បាប់នៅកម្ពុជា គឺមិនមែនជាមូលហេតុធ្វើឱ្យវិស័យអចលនទ្រព្យមានការជាប់គាំងទាំងស្រុងនោះទេ ខណៈសេដ្ឋកិច្ចក្នុងស្រុក និងតម្រូវការទិញក្នុងស្រុកនៅតែមានតួនាទីសំខាន់ក្នុងការកំណត់តម្លៃ និងសកម្មភាពទីផ្សារ។ ជាក់ស្ដែងមកដល់ពេលនេះ តម្រូវការអចលនទ្រព្យក្នុងការស្នាក់នៅនៅតែមាន ខណៈផ្ទះតម្លៃមធ្យមនៅតែបង្ហាញសកម្មភាពយ៉ាងសកម្មនៅក្នុងផ្នែកខ្លះនៃទីផ្សារអចលនទ្រព្យ។ ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ សង្កត់ធ្ងន់ថា ដើម្បីឱ្យវិស័យអចលនទ្រព្យអាចបន្តរីកចម្រើនប្រកបដោយចីរភាព គឺទាមទារឱ្យមានការបង្កើននូវទំនុកចិត្តវិនិយោគក្នុងវិស័យអចលនទ្រព្យ តាមរយៈការបន្តពង្រឹងគោលនយោបាយ និងច្បាប់។
បើតាមលោកបណ្ឌិត ឌុច ដារិន្ទ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងអត្រា៥% ក្នុងឆ្នាំ២០២៦នេះ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចសរុបរបស់កម្ពុជា នៅតែមានភាពរឹងមាំ ហើយអាចជួយគាំទ្រដល់ការកើនឡើងនៃតម្រូវការក្នុងទីផ្សារអចលនទ្រព្យផងដែរ។ បើតាមអ្នកជំនាញរូបនេះ តម្លៃអចលនទ្រព្យត្រូវបានកំណត់ដោយតម្រូវការផ្ទះ និងការផ្គត់ផ្គង់ផ្ទះដែលមានពាក់ព័ន្ធនឹងតម្រូវការក្នុងស្រុក កម្រិតនៃការវិនិយោគ អត្រាផ្ដល់ហិរញ្ញវត្ថុ និងអត្រាការប្រាក់ ព្រមទាំងទំនុកចិត្តរបស់អ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យជាដើម៕