ក្រោយ NATO

ក្រោយ NATO បដិសេធ លោក ត្រាំ កំពុងលួងលោមជប៉ុន ឱ្យបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រហ័រម៉ូស


នៅក្នុងជំនួបកំពូលរយៈពេល៩០នាទីនៅឯសេតវិមាន កាលពីថ្ងៃទី១៩ ខែមីនា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជួបជជែកគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) អំពីសន្តិសុខនៅច្រកសមុទ្រហ័រម៉ូស។ ក្នុងជំនួបនោះលោក ត្រាំ បានព្យាយាមលួងលោមជប៉ុន ដោយសរសើរថា ជប៉ុនមានតួនាទីសំខាន់ខុសពីអង្គការណាតូ ដើម្បីជំរុញឱ្យទីក្រុងតូក្យូបញ្ជូននាវាចម្បាំងទៅការពារផ្លូវទឹកដ៏សំខាន់មួយនេះ។
ច្រកសមុទ្រហ័រម៉ូស
ដោយ

បើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Nikkei Asia លោក ដូណាល់ ត្រាំ បានលើកឡើងជាថ្មីនូវសំណើឱ្យជប៉ុនបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ បានពន្យល់ពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ជប៉ុន ក្នុងការបញ្ចុះបញ្ចូលអ៊ីរ៉ង់ កុំឱ្យវាយប្រហារលើនាវាដឹកប្រេងនៅច្រកសមុទ្រដ៏សំខាន់មួយនេះ។

លោក ត្រាំ បានបញ្ចុះបញ្ចូលជប៉ុនថា ជប៉ុនមានតួនាទីសំខាន់ខុសពីណាតូ ព្រោះជប៉ុនបាននាំចូលប្រេងរហូតដល់ជាង៩០% តាមរយៈច្រកសមុទ្រ Hormuz ដូច្នេះវាជាហេតុផលដ៏សំខាន់បំផុត ដែលជប៉ុនត្រូវតែចូលរួមការពារតំបន់នេះដោយផ្ទាល់។

ទោះជាយ៉ាងណា រដ្ឋាភិបាលជប៉ុន នៅតែប្រឈមនឹងឧបសគ្គផ្នែកច្បាប់ក្នុងការបញ្ជូននាវាចម្បាំងទៅក្រៅប្រទេស។ លោកស្រី សាណាអិ បានបញ្ជាក់ប្រាប់លោក ត្រាំ ថា ជប៉ុនបានអធិប្បាយលម្អិតរួចហើយនូវអ្វី ដែលជប៉ុនអាចធ្វើបាននិងមិនអាចធ្វើបានឮក្រោមក្របខណ្ឌច្បាប់របស់ជប៉ុន។ ក្នុងន័យនេះជប៉ុនទំនងជាមិនបញ្ជូននាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ាតាមការលួងលោមរបស់លោក ត្រាំ នោះទេ។

តែយ៉ាងណាក្រោយកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាថា ការធានាសន្តិសុខ និងស្ថិរភាពនៅច្រកសមុទ្រ Hormuz គឺជារឿងចាំបាច់បំផុត។ បន្ថែមពីនេះ លោកស្រីនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីផែនការយុទ្ធសាស្ត្រថាមពល ដោយជប៉ុនមានបំណងអនុវត្តគម្រោងរក្សាទុកប្រេងឆៅរបស់អាម៉េរិកនៅក្នុងប្រទេសជប៉ុន និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍរ៉ែសំខាន់ៗផងដែរ។

ជាលទ្ធផលនៃជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាលើ៣ចំណុច ដែលផ្តោតលើសន្តិសុខ ថាមពល និងការអភិវឌ្ឍធនធានរ៉ែក្នុងរយៈពេលមធ្យម និងវែង ដើម្បីពង្រឹងសម្ព័ន្ធភាពសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ហេតុអ្វីអាម៉េរិក វាយអ៊ីរ៉ង់មិនប្រាប់សម្ពន្ធមិត្តដូចជប៉ុន លោក ត្រាំ ឆ្លើយថា គ្មានអ្នកណាដឹងរឿងវាយគេមិនឱ្យដឹងខ្លួនមុនជាងជប៉ុន នោះទេ

នៅក្នុងជំនួបជាមួយលោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី១៩ ខែមីនា លោកប្រធានាធិបតី ដូណាល់ ត្រាំ បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ