ក្រសួងថាមពល និងធនធានរ៉ែ និងក្រសួងព្រៃឈើរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៤ ខែធ្នូ បានអះអាងថា ពួកគេបានលុបចោលលិខិតអនុញ្ញាតរបស់ក្រុមហ៊ុនជាច្រើន ដែលកំពុងប្រតិបត្តិការជីកយករ៉ែ និងការកាប់ឈើនៅខេត្តចំនួន៣ នៅលើកោះស៊ូម៉ាត្រា ដែលបានរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរកាលពីសប្ដាហ៍មុន ដែលបានសម្លាប់មនុស្សសរុបយ៉ាងតិច៨១២នាក់ និងបំផ្លាញផ្ទះសម្បែងជាង១ម៉ឺនខ្នង។ ផលិតកម្ម ដែលឈានមុខគេនៅលើកោះស៊ូម៉ាត្រា រួមមាន ប្រេងដូង ឈើពាណិជ្ជកម្ម ស្លឹកឈើ មាស និងធ្យូងថ្ម។
រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក បាលីល (Bahlil) កាលពីថ្ងៃទី៣ ខែធ្នូ បានអះអាងថា លោកបានលុបចោលលិខិតអនុញ្ញាតធ្វើអាជីវកម្មរបស់អណ្តូងរ៉ែជាច្រើន ដែលមានការិយាល័យនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោយលោកបានធ្វើវិសោធនកម្មច្បាប់ស្តីពី ធនធានរ៉ែ កាលពីដើមឆ្នាំនេះ។
អាជ្ញាធរឥណ្ឌូនេស៊ី បានរកឃើញប្រតិបត្តិការរុករករ៉ែខុសច្បាប់ចំនួន១,៦១៧កន្លែងនៅទូទាំងប្រទេសចាប់តាំងពីដើមឆ្នាំ ដល់ចុងខែតុលា ឆ្នាំ២០២៥ ដោយក្នុងចំណោមនោះ មាន៤៣៨កន្លែង គឺស្ថិតនៅក្នុងខេត្តទាំង៣ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងការបាក់ដីថ្មីៗនេះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព្រៃឈើ លោក រ៉ាចា ជូលី អង់តូនី (Raja Juli Antoni) បានប្រាប់សមាជិកសភា កាលពីថ្ងៃទី៤ ធ្នូ ថា លិខិតអនុញ្ញាតកាប់ឈើផលិតកម្មចំនួន២០គ្របដណ្តប់លើផ្ទៃដីចំនួន៧៥ម៉ឺនហិកតាត្រូវបានលុបចោល បន្ទាប់ពីបានពិនិត្យមើលឡើងវិញក្រោយកើតមានគ្រោះមហន្តរាយនៅកោះស៊ូម៉ាត្រា៕
ដោយ៖ សុខ មង្គល