
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានគូសបញ្ជាក់ថា មកដល់ពេលនេះដំឡូងមីស្រស់ត្រូវបានឈ្មួញប្រមូលទិញក្នុងតម្លៃជាង១០០រៀលក្នុង១គីឡូក្រាម ខណៈដំឡូងមីស្ងួតមានតម្លៃជាង៥០០រៀលក្នុង១គីឡូក្រាម។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ តម្លៃដំឡូងមីជាង១០០រៀលក្នុង១គីឡូក្រាមនេះ នឹងធ្វើឱ្យកសិករខាតឡុងចុងមិនអាចស្រង់ថ្លៃដើមបាននោះទេ។ តែយ៉ាងណាស្ថិតក្នុងស្ថានភាពនេះប្រធានសមាគមរូបនេះស្នើឱ្យកសិករដែលមានលទ្ធភាពកាប់ដំឡូងមីហាលស្តុកទុករង់ចាំលក់នៅពេលក្រោយ ក្រែងលទទួលបានប្រាក់ចំណេញខ្លះ។ លោក អិល ឈិញ បានវាយតម្លៃថា ទិន្នផលដំឡូងមីនាពេលខាងមុខអាចនឹងមានការថយចុះ ដោយសារការកាត់បន្ថយផ្ទៃដីដាំដុះ ដែលការណ៍នេះវាអាចនឹងធ្វើឱ្យទីផ្សារដំឡូងមីមានភាពប្រសើរឡើងវិញ។
ជាមួយគ្នានេ លោក ស៊ីន វុទ្ធី អគ្គលេខាធិការសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានឱ្យដឹងថា មកដល់ពេលនេះដំឡូងមីស្រស់មានតម្លៃចន្លោះពី១៥០រៀលទៅ២០០រៀលក្នុង១គីឡូក្រាម ខណៈដំឡូងស្ងួតមានតម្លៃចន្លោះពី៤៨០រៀល ទៅ៥០០រៀលក្នុង១គីឡូក្រាម អាស្រ័យទៅតាមគុណភាព។ បើតាមអ្នកជំនាញរូបនេះ ទីផ្សារដំឡូងមីនៅតែពុំទាន់មានភាពប្រាកដប្រជានៅឡើយទេ ខណៈតម្លៃនៅតែមានបញ្ហាប្រឈមនាពេលខាងមុខ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ សមាគមសម្ព័ន្ធរបស់លោក កំពុងកៀគរវិនិយោគចិនឱ្យមកបណ្ដាក់វិនិយោគនៅក្នុងវិស័យនេះ ដើម្បីជួយរកទីផ្សារដល់កសិករ។
ដោយឡែកលោក គឹម លាស់ អគ្គនាយកក្រុមហ៊ុន ហង្ស ហាវេស អេហ្គ្រីខលឈ័រ ដែលនាំចេញដំឡូងមីស្ងួតទៅប្រទេសចិនបានគូសបញ្ជាក់ថា មកដល់ពេលនេះការផ្គត់ផ្គង់ដំឡូងមីស្ងួតទៅកាន់ទីផ្សារប្រទេសចិនមានការកើនឡើង ខណៈតម្លៃ ក៏មានភាពប្រសើរឡើងផងដែរ បើធៀបនឹងការប្រមូលកាលពីដើមឆ្នាំ។ តាមរយៈតម្រូវការពីទីផ្សារចិននេះ ត្រូវបានអ្នកជំនួញរូបនេះវាយតម្លៃថា តម្លៃដំឡូងមីរបស់កម្ពុជានារដូវប្រមូលផលខាងមុខនឹងមានភាពល្អប្រសើរឡើងវិញ។ បើតាមការអះអាងរបស់លោក គឹម លាស់ ក្រុមហ៊ុនលោកបាននាំចេញដំឡូងមីស្ងួតទៅប្រទេសចិនចន្លោះពី២ម៉ឺនតោនដល់៤ម៉ឺនតោននៅក្នុង១ខែ ខណៈមកដល់ពេលនេះ ក្រុមហ៊ុនបាននាំចេញចំណិតដំឡូងមីស្ងួតទៅកាន់ទីផ្សារចិនបានប្រមាណ១០ម៉ឺនតោន ហើយតាមផែនការក្រុមហ៊ុននេះគ្រោងនាំចេញដំឡូងមីស្ងួតឱ្យបានប្រមាណ៦០ម៉ឺនតោនក្នុង១ឆ្នាំ។
សូមបញ្ជាក់ថានៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ ការនាំចេញដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានទំហំទឹកប្រាក់ជាង៤១៧លានដុល្លារធ្លាក់ចុះជាង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់ជាង៤៨៤លានដុល្លារ។ នេះបើតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ