
ក្រុមវិនិយោគិនចិន កំពុងបង្វែរការចាប់អារម្មណ៍មកកាន់ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និង អូស្ត្រាលី ផងដែរ ក្រោយពួកគេបាត់បង់ទំនុកចិត្តលើទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាម៉េរិក ចំពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងកើនឡើង។ នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងអចលនទ្រព្យមួយចំនួនបានបង្ហាញថា នៅឆ្នាំ២០២៤ សហរដ្ឋអាម៉េរិក បានធ្លាក់ចុះពីតំណែងកំពូលមកនៅចំណាត់ថ្នាក់ទី៧ ក្នុងចំណោមគោលដៅ ដែលវិនិយោគិនចិន ពេញចិត្តវិនិយោគលើគម្រោងអចលនទ្រព្យដែលមានតម្លៃចាប់ពី៥លានដុល្លារឡើង។
តាមការស្ទង់មតិដដែលនេះ ប្រទេសថៃ បានក្លាយជាគោលដៅដ៏ទាក់ទាញជាងគេសម្រាប់វិនិយោគិនចិន ដែលតាមពីក្រោយដោយ អូស្ត្រាលី កាណាដា សិង្ហបុរី ម៉ាឡេស៊ី និង ចក្រភពអង់គ្លេស។ លទ្ធផលស្ទង់មតិបានបង្ហាញថា ៩៤% នៃ អ្នកទិញជាជនជាតិចិន កាលពីឆ្នាំមុនបានស្វែងរកផ្ទះវិស្សមកាលសម្រាប់ពួកគេរស់នៅ ឬសម្រាប់កូនៗរបស់ពួកគេរស់នៅ ដើម្បីបន្តការសិក្សា។
លោក កាស៊ីហ្វ អានសារី (Kashif Ansari) នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យចិនមួយបានកត់សម្គាល់ថា ការវិនិយោគរបស់ចិន នៅក្នុងទីផ្សារលំនៅឋាននៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះជាងពាក់កណ្តាលគិតចាប់តាំងពីឆ្នាំ២០១៧ ដោយសារអ្នកទិញភាគច្រើនមានភាពស្ទាក់ស្ទើរ និងបារម្ភពីបញ្ហាភូមិសាស្ត្រនយោបាយ និងការការពារនិយម។ លោកបានបន្តថា វិនិយោគិនចិន កំពុងស្វែងរកអចលនទ្រព្យនៅតាមបណ្តាប្រទេស ដែលមានលក្ខណៈមិត្តភាពល្អប្រសើរ និងស្ងប់ស្ងាត់ជាងនេះ។
សារព័ត៌មាន South China Morning Post បានចុះផ្សាយថា និន្នាការផ្លាស់ប្តូរការចាប់អារម្មណ៍របស់វិនិយោគិនចិននេះ ក៏បានរងឥទ្ធិពលពីការដាក់ចេញវិធានការក្តៅដោយផ្តោតលើជនអន្តោប្រវេសន៍ ភ្លៀវទេសចរបរទេស និង និស្សិតអន្តរជាតិ របស់លោក ដូណាល់ ត្រាំ ផងដែរ។
ទិន្នន័យពីសមាគមអចលនទ្រព្យជាតិ ចិន បានបង្ហាញថា ជនជាតិចិន បានចំណាយប្រាក់រហូតដល់ទៅ១៣ ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ដើម្បីទិញលំនៅឋាននៅសហរដ្ឋអាម៉េរិក ប៉ុន្តែវាបានធ្លាក់ចុះមកនៅត្រឹម ៧,៥ពាន់លានដុល្លារ នៅឆ្នាំ២០២៤៕
ដោយៈ សរ សុជាតិ