ទីក្រុងប៉េកាំង

ក្រោយអាម៉េរិកជាប់ដៃប្រយុទ្ធជាមួយអ៊ីរ៉ង់ ចិនប្រកាសថា ខ្លួនជាមហាអំណាចដែលមានស្ថិរភាព


នៅក្នុងបរិការណ៍ ដែលពិភពលោកកំពុងធ្លាក់ក្នុងភាពចលាចលសេដ្ឋកិច្ច ហើយមហាអំណាចយោធាធំៗកំពុងជាប់ដៃក្នុងសង្គ្រាមមិនទាន់មានពន្លឺក្នុងការបញ្ចប់ ចិនបានឆ្លៀតប្រើប្រាស់វេទិកាដ៏ធំមួយនៅទីក្រុងប៉េកាំងប្រកាសថា ខ្លួនជាកម្លាំងស្នូល នៃស្ថិរភាព។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ក្រុមវិនិយោគិនសកល ដែលចូលរួមក្នុងវេទិកាអភិវឌ្ឍន៍ចិនបានសង្កេតឃើញថា ទីក្រុងប៉េកាំង កំពុងព្យាយាមបង្ហាញជំហររឹងមាំជាងពេលណាៗទាំងអស់ ខណៈដែលអាម៉េរិក និងរុស្ស៊ីកំពុងវិលវល់ក្នុងសមរភូមិរៀងៗខ្លួន។
ទីក្រុងប៉េកាំង
ដោយ

ស្របពេលសហរដ្ឋអាម៉េរិក ក្នុងនាមជាមហាអំណាចលេខ១នៅលើពិភពលោកកំពុងជាប់ដៃដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ហើយរុស្ស៊ីនៅតែបន្តការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាមួយអ៊ុយក្រែន ចិនត្រូវបានគេមើលឃើញថា កំពុងតាំងខ្លួនជាយុថ្កាសេដ្ឋកិច្ចដ៏រឹងមាំតែមួយគត់។ ជំហរនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងវេទិកាអភិវឌ្ឍន៍ចិន ឆ្នាំ២០២៦ ដែលបានទាក់ទាញនាយកប្រតិបត្តិសាជីវកម្មលំដាប់ពិភពលោកជាច្រើនរូបឱ្យមកជួបជុំគ្នានៅទីក្រុងប៉េកាំង។

អ្នកវិភាគបានលើកឡើងថា ចិនកំពុងព្យាយាមបង្ហាញខ្លួនជាអ្នកនាំផ្លូវក្នុងស្ថានភាពដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។ លោក ហាម លីន (Han Lin) នាយកក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ The Asia Group ប្រចាំប្រទេសចិន បានអះអាងថា នៅក្នុងវេទិកាឆ្នាំនេះចិន បានបង្ហាញជំហររឹងមាំ និងមានទំនុកចិត្តខ្ពស់ជាងឆ្នាំមុនឆ្ងាយណាស់។

ទោះបីជានាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) មិនបានថ្លែងវាយប្រហារចំៗទៅកាន់សហរដ្ឋអាម៉េរិក ក៏ដោយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គោលនយោបាយរបស់ចិន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការច្នៃប្រឌិតក្នុងប្រព័ន្ធពាណិជ្ជកម្ម គឺជាផ្លូវដ៏ត្រឹមត្រូវសម្រាប់ពិភពលោក។

ជាការកត់សម្គាល់សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិក ហាក់មានភាពស្ងប់ស្ងាត់ខុសធម្មតា បើទោះបីជាបញ្ហាអតិរេកពាណិជ្ជកម្មរបស់ចិន ទំហំ១,២ទ្រីលានដុល្លារកាលពីឆ្នាំ២០២៥ ធ្លាប់ជារបៀបវារៈដ៏ក្តៅគគុកក៏ដោយ។ អ្នកជំនាញជឿថា ភាពស្ងប់ស្ងាត់នេះកើតឡើងដោយសារពិភពលោកកំពុងផ្តោតខ្លាំងលើសង្គ្រាមនៅអ៊ីរ៉ង់។

លោក អាល់ប៊ឺត ហ៊ូ (Albert Hu) សាស្ត្រាចារ្យសេដ្ឋកិច្ចនៅសាលាពាណិជ្ជកម្មអន្តរជាតិ ចិន-អឺរ៉ុប (CEIBS) បានលើកឡើងថា ពាក្យស្ថិរភាព ដែលជាប្រធានបទនៃវេទិកានេះ បានបន្លឺឡើងកាន់តែខ្លាំងនៅឆ្នាំនេះ។ លោកបន្ថែមថា ក្រោមគោលនយោបាយ ដែលពិបាកព្យាករ​របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ពិភពលោកកាន់តែមើលឃើញចិនថា ជាកម្លាំងស្នូលនៃស្ថិរភាពសេដ្ឋកិច្ចដ៏ច្បាស់លាស់មួយ សម្រាប់ជាបង្អែកក្នុងគ្រាមានវិបត្តិ៕

ដោយៈ សរ សុជាតិ




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ