សារព័ត៌មាន Channel News Asia បានផ្សាយថា ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសនៅទូទាំងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៦ ខែតុលា បានជួបបញ្ហារាំងស្ទះ ដោយសារអវត្តមានរបស់មន្រ្តីត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។ លោក សៀន ឌូហ្វី (Sean Duffy) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាម៉េរិក បាននិយាយថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានជួបប្រទះបញ្ហាខ្វះបុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសនៅអាកាសយានដ្ឋានចំនួន២២ ទូទាំងប្រទេសរហូតដល់មានការជូនដំណឹងឱ្យមានការពន្យារពេល និងការលុបចោលជើងហោះហើរជាច្រើន។ ដោយសារតែមិនមានប្រាក់បៀវត្សរ៍ ក្រោយរដ្ឋាភិបាលអាម៉េរិក បានបិទទ្វារ គិតត្រឹមម៉ោង១១យប់ ថ្ងៃអាទិត្យ សប្តាហ៍មុន មានជើងហោះហើរជាង៨ពាន់ជើងត្រូវរាំងស្ទះ ខណៈកាលពីថ្ងៃសៅរ៍ មានប្រមាណ៥ពាន់៣រយជើង។
លោក សៀន បានព្រមានថា ប្រសិនបើការិយាល័យរដ្ឋាភិបាលនៅតែបន្តបិទទ្វារ ហើយមន្រ្តីប្រតិបត្តិការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសអវត្តមាន ដោយសារមិនមានប្រាក់ចំណូលនោះ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសសហរដ្ឋអាម៉េរិកនឹងបន្តរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរជាងនេះថែមទៀត។
ដើម្បីធានាកុំឲ្យមានការរំខានដល់ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាស អាជ្ញាធរត្រួតពិនិត្យសេវាកម្មនេះ ត្រូវការអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសប្រមាណ១ម៉ឺន៣ពាន់នាក់ មន្រ្តីរដ្ឋបាល និងសន្តិសុខសរុបប្រមាណ៥ ម៉ឺននាក់។ មកដល់ពេលនេះការពន្យារពេល និងការលុបចោលការធ្វើដំណើរតាមផ្លូវអាកាសកាន់តែច្រើនកំពុងត្រូវបានតាមដានយ៉ាងដិតដល់ ខណៈអ្នកសង្កេតការណ៍កំពុងស្វែងរកសូចនាករ ដែលបង្ហាញថា ការបិទទ្វាររដ្ឋាភិបាលកំពុងធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋអាម៉េរិក កាន់តែលំបាក។ នៅក្នុងអំឡុងពេលនេះមន្រ្តីត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសនានា ត្រូវបង្ខំចិត្តស្វែងរកការងារទី២ ដើម្បីជួយរំដោះទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ និងការចំណាយប្រចាំថ្ងៃ៕
ដោយៈ សរ សុជាតិ