បារាំង និងសម្ព័ន្ធមិត្ត

បារាំង និងសម្ព័ន្ធមិត្តគ្រោងចូលខ្លួនជួយអន្តរាគមន៍ ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ


ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានអះអាងនៅដើមសប្តាហ៍នេះថា បារាំងនិងសម្ព័ន្ធមិត្តកំពុងរៀបចំបេសកកម្មការពារសន្តិសុខ ដើម្បីបើកច្រកសមុទ្រហ័រមូស ឡើងវិញជាបណ្តើរៗ ខណៈជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានអូសបន្លាយចូលដល់សប្តាហ៍ទី២។ គោលបំណងសំខាន់ នៃការត្រៀមចូលខ្លួនមកជួយអន្តរាគមន៍លើបញ្ហានេះ គឺដើម្បីការពារកប៉ាល់ទឹកទំនិញ និងប្រេង សំដៅជួយដោះស្រាយបញ្ហាវិបត្តិប្រេង និងថាមពលឡើងថ្លៃ។
បារាំង និងសម្ព័ន្ធមិត្ត
ដោយ

មេដឹកនាំបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានជិះឧទ្ធម្ភាគចក្រចុះនៅលើនាវាផ្ទុកយន្តហោះ ឆាលស៍ ឌើ ហ្គោល (Charles de Gaulle) ដែលត្រូវបញ្ជូនទៅសមុទ្រមេឌីទែរ៉ាណេ ក្រោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានបង្កឱ្យមានសង្គ្រាមដ៏វឹកវរនៅក្នុងតំបន់ និងគំរាមកំហែងដល់ស្ថិរភាពពិភពលោក។

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Arab News ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសស៊ីប កាលពីថ្ងៃទី៩ ខែមីនា លោក ម៉ាក្រុង បានបញ្ជាក់ថា បេសកកម្មនៅច្រកសមុទ្រហ័រមូស មានគោលបំណងការពារនាវាដឹកទំនិញ និងនាវាដឹកប្រេង ដើម្បីស្ដារដំណើរការចរាចរណ៍ឡើងវិញជាបណ្ដើរៗ ក្រោយដំណាក់កាលដ៏ស្រួចស្រាវ នៃជម្លោះត្រូវបានបញ្ចប់។

សម្រាប់មេដឹកនាំបារាំងបានសង្កត់ធ្ងន់ថា វាជារឿងចាំបាច់បំផុតសម្រាប់ពាណិជ្ជកម្មអន្តរជាតិ រួមទាំងលំហូរឧស្ម័ន និងប្រេង ដែលត្រូវតែអាចដឹកចេញពីតំបន់ឈូងសមុទ្រឡើងវិញបាន ដូច្នេះអ្វីដែលត្រូវធ្វើ គឺធានានូវសេរីភាព នៃការធ្វើនាវាចរណ៍ និងសន្តិសុខផ្លូវសមុទ្រ។ មេដឹកនាំរូបនេះបានអះអាងទៀតថា នាវាផ្ទុកយន្តហោះ ឆាលស៍ ឌើ ហ្គោល អាចនឹងត្រូវដាក់ពង្រាយនៅច្រកសមុទ្រហ័រមូស ដែលជាផ្នែកមួយនៃបេសកកម្មដែលបានគ្រោងទុក។

គួររំលឹកថា ច្រកសមុទ្រហ័រមូស គឺជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់បំផុតក្នុងឈូងសមុទ្រពែក្ស ដោយមាននាវាដឹកជញ្ជូនប្រេងឆៅប្រមាណ១ភាគ៥ នៃតម្រូវការពិភពលោកឆ្លងកាត់ទីនោះ។ បច្ចុប្បន្ន ចរាចរណ៍ផ្លូវទឹកនេះស្ទើរតែជាប់គាំងទាំងស្រុងដោយសារឥទ្ធិពលនៃសង្រ្គាម៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


រដ្ឋជិតពាក់កណ្តាលនៅអាម៉េរិក ប្តឹងតុលាការ ដើម្បីបញ្ឈប់ការអនុវត្តពន្ធ ១០% របស់លោក ត្រាំ

រដ្ឋចំនួន២៤ ក្នុងចំណោម៥០ បានប្រកាសដាក់ពាក្យប្តឹងទៅកាន់តុលាការ ដើម្បីរារាំងរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការអនុវត្តពន្ធសកល១០%។…

លោក ត្រាំ អះអាងថា សង្គ្រាមនៅមជ្ឈិមបូព៌ានឹងបញ្ចប់ឆាប់ៗ និងគ្រោងលើកលែងទណ្ឌកម្មលើប្រេង

តើសង្រ្គាមដ៏ក្ដៅគគុកនៅតំបន់មជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងក្រោយការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ