ហាងកាហ្វេ Café Amazon ដែលជាហាងកាហ្វេធំជាងគេនៅប្រទេសថៃ បានបិទហាងទាំង ១២ នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីបានបើកដំណើរការបាន៥ឆ្នាំ ។ ចំពោះការប្រកាសបិទទ្វារ លែងដំណើរការនេះត្រូវបានតំណាងក្រុមហ៊ុនអះអាងថា ជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្ម។
អ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់របស់ហាងកាហ្វេនេះបានបញ្ជាក់ថា ហាងទាំងអស់បានឈប់បម្រើអតិថិជននៅចាប់តាំងពីសប្ដាហ៍មុនមក។
នៅពេលនេះហាង Café Amazon នៅទីក្រុងហូជីមិញបានដកផ្លាកសញ្ញាចេញ ហើយបានប្រគល់កន្លែងជួលទៅម្ចាស់ទីតាំងវិញ រីឯទីតាំងមួយចំនួនត្រូវបានជំនួសដោយអ្នកជួលថ្មី។
មុនការចាកចេញរបស់ហាង Café Amazon ពីប្រទេសវៀតណាម ក្រុមហ៊ុនមេរបស់ហាងកាហ្វេនេះបាន ជូនដំណឹងនៅលើទីផ្សារភាគហ៊ុនថៃកាលពី ដើមខែតុលា ។ ក្រុមហ៊ុន Central Plaza Hotel Public Company Ltd ដែលហៅកាត់ថា Centel បានប្រកាសពីការរំលាយក្រុមហ៊ុន ORC Coffee Passion Group (ORCG) ដែលជាអង្គភាពប្រតិបត្តិការហាង Café Amazon នៅក្នុងប្រទេសវៀតណាម។
ក្រុមហ៊ុន Centel បាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីប្រទេសវៀតណាម ដើម្បី ផ្តោតអាទិភាពអាជីវកម្មឡើងវិញ និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃទីផ្សារ។
ហាងកាហ្វេ Café Amazon បានចូលប្រទេសវៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងទុនប្រមាណជា ជិត២លានដុល្លារ ។ ហាងកាហ្វេនេះបានបង្ហាញវត្តមាននៅ ទីក្រុងហូជីមិញ កាន់ថឺ ដុងថាម និង វិញឡុង ។
នេះគឺជាការរង្គោះរង្គឺថ្មីមួយទៀតចាប់តាំងពីហាងកាហ្វេ Café Amazon បានរង្គោះរង្គឺនៅទីផ្សារកម្ពុជា ព្រោះតែអរិភាពព្រំដែន និង ចលនាជាតិនិយម ហើយនិងកំណើននៃឧស្សាហកម្មក៏ដូចជាប្រជាប្រិយភាព កាហ្វេវៀតណាម ។