ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា


នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត
ដោយ

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការអបអរសាទរ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Kim Chang Yong ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលនិងប្រជាជនកូរ៉េ ចំពោះកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ឥណទានសម្បទានប្រមាណ ២ពាន់លានដុល្លារអាម៉េរិក និងការទទួលយកពលករកម្ពុជាប្រមាណ៧ម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ ហើយទំនាក់ទំនងពាណិជ្ជកម្មក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃប្រទេសទាំងពីរផងដែរ។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវក្តីរីករាយដែលប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទេ្វភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េមានកិច្ចសហការច្រើនវិស័យហើយក្តី តែប្រទេសយើងទាំងពីរនៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន និងមានបទពិសោធច្រើនខាងផ្នែកអភិវឌ្ឍន៍ ព្រមទាំងមានកម្លាំងអូសទាញសេដ្ឋកិច្ចខ្លាំង ទាំងក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ និងកិច្ចសហការជាមួយមិត្តបរទេស ដូចជាកូរ៉េជាដើម។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលល្អប្រសើរនៃប្រតិបត្តិការបង្រ្កាប Online Scam ដែលអនុវត្តដោយក្រុមការងាររួមនៃប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា បច្ចុប្បន្នប្រទេសយើងទាំងពីរមានភាពជិតស្និទ្ធគ្នាខ្លាំងមែនទែន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតែងចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់មួយក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្រការទូតជាក់ស្តែងឆ្ពោះទៅរកពិភពលោក ដែលបានកំណត់ដោយឯកឧត្តមប្រធានាធិបតីកូរ៉េ។ ឯកឧត្តម Kim Chang Yong ក៏បាន
សម្តែងនូវក្តីរីករាយចំពោះកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានបញ្ជាក់ថា កម្ពុជានៅតែជាប្រទេសដែលទទួលបាននូវ ODA ច្រើនជាងគេពីសាធារណរដ្ឋកូរ៉េ ហើយស្ថានទូតសាធារណរដ្ឋកូរ៉េនឹងបន្តដើរតួជាថ្នាលតភ្ជាប់វិស័យឯកជនកូរ៉េ-កម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងបានសម្រេចសមិទ្ធផលវិជ្ជមានជាច្រើនគួរជាទីមោទនៈ ដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះទីស្តីការគណៈរដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ទន្ទឹមនេះឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ចូលរួមសម្របសម្រួល ដើម្បីឱ្យការរៀបចំខួប៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ អាចក្លាយជាព្រឹត្តិការណ៍ដ៏អធិកអធមបំផុត ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថា នឹងជំរុញគម្រោងធំៗនៅកម្ពុជាឱ្យដំណើរការទៅមុខកាន់តែរលូនសំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន។

ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សានិងផ្លាស់ប្តូរមតិយោបល់អំពីលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលកូរ៉េមានទុន និងបច្ចេកវិទ្យាខ្ពស់ វិស័យអប់រំនិងបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតកម្ពុជា ព្រមទាំងវិស័យ​ឌីជីថល ដែលកូរ៉េជាប្រទេសឈានមុខមួយក្នុងតំបន់។ ដោយឡែក ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកនីតិកម្មក្នុងការកសាងប្រព័ន្ធមូលទិន្នន័យច្បាប់ (Legal Database) និងការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ (Modernization of National Archives) ដោយក្នុងនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យាថា នឹងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនៃសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញការងារទាំងនេះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមឯកអគ្គរដ្ឋទូត Kim Chang Yong បានលើកឡើងថា រូបលោកនឹងខិតខំឱ្យអស់ពីលទ្ធភាព ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបង្ហាញនូវសុឆន្ទៈធ្វើជាផ្នែកមួយនៃការលើកស្ទួយមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ គ្រោងប្រកាសរៃអង្គាសកញ្ចប់ថវិកា ៥ពាន់លានដុល្លារសម្រាប់ស្ដារតំបន់ហ្គាហ្សា នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្ដិភាព លើកដំបូង

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» ដែលន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ