ផ្សារភាគហ៊ុន

អាម៉េរិក កំពុងជួបវិបត្តិវិនិយោគិនសម្រុកដកលុយចេញពីផ្សារភាគហ៊ុនក្នុងស្រុក ហើយងាកទៅវិនិយោគនៅក្រៅប្រទេស


សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រឈមហានិភ័យធំ ខណៈដែលបណ្ដាវិនិយោគិនអាម៉េរិក សម្រុកដកលុយចេញពីផ្សារភាគហ៊ុនក្នុងស្រុកយ៉ាងគំហុក ហើយងាកទៅវិនិយោគក្នុងទីផ្សាររីកចម្រើនឆាប់រហ័សនៅអឺរ៉ុប និងជប៉ុនជាដើម ដោយសារតែប្រាកដុល្លារអាម៉េរិក ធ្លាក់ថ្លៃ។
ផ្សារភាគហ៊ុន
ដោយ

បណ្ដាវិនិយោគិនអាម៉េរិក កំពុងសម្រុកដកលុយចេញពីផ្សារភាគហ៊ុនអាម៉េរិក ក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រយ៉ាងហោចណាស់១៦ឆ្នាំមកនេះ ខណៈដែលទីផ្សារបរទេសនានា ចាប់ផ្តើមមានដំណើរការល្អជាងសង្កាត់ផ្សារភាគហ៊ុន Wall Street ដ៏ល្បីល្បាញនៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ទិន្នន័យពីផ្សារភាគហ៊ុនរបស់អង់គ្លេស London Stock Exchange Group បានបង្ហាញថា នៅក្នុងរយៈពេល៦ខែកន្លងមកនេះ ទឹកប្រាក់រហូតដល់ទៅប្រមាណ៧៥ពាន់លានដុល្លារ បានហូរចេញពីផ្សារភាគហ៊ុនអាម៉េរិក ហើយអ្វីដែលជាការកត់សម្គាល់បំផុតនោះ គឺថា រហូតដល់ទៅជាង៥២ពាន់លានដុល្លារបានហូរចេញពីផ្សារភាគហ៊ុនអាម៉េរិក ​នៅដើមឆ្នាំ២០២៦ នេះ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអន្តរជាតិ នៅឆ្នាំ២០០៨ ការវិនិយោគនៅសហរដ្ឋអាម៉េរិក ទទួលបានផលចំណេញខ្ពស់ខ្លាំង។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពលបានជួយជំរុញឱ្យសន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក S&P 500 ឡើងដល់កម្រិតកំណត់ត្រាខ្ពស់បំផុត ជាពិសេសអំឡុងពេលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កំពុងរីកចម្រើនខ្លាំង។

ទោះជាយ៉ាងណា ពេលនេះ ភាពរីករាយកំពុងរសាត់បាត់ទៅវិញបន្តិចម្ដងៗ។ វិនិយោគិនកំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះភាគហ៊ុនបច្ចេកវិទ្យាមានតម្លៃថ្លៃៗ និងហានិភ័យដែលទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ មនុស្សជាច្រើនជឿថា ភាគហ៊ុនអាម៉េរិកមានតម្លៃខ្ពស់ បើប្រៀបធៀបនឹងទីផ្សារនៅអឺរ៉ុប និងអាស៊ី។

ទិន្នន័យថ្មីៗបានបង្ហាញថា វិនិយោគិនកំពុងបង្វិលប្រាក់ទៅកាន់បណ្ដាទីផ្សាររីកចម្រើនឆាប់រហ័សក្នុងអត្រាលឿនបំផុតក្នុងរយៈពេល៥ឆ្នាំមកនេះ។ រហូតមកដល់ឆ្នាំ២០២៦ នេះ ទុនរហូតដល់ទៅប្រមាណ ២៦ពាន់លានដុល្លារ ត្រូវបានវិនិយោគលើភាគហ៊ុនទីផ្សាររីកចម្រើនឆាប់រហ័សរួមទាំងកូរ៉េខាងត្បូង និងប្រេស៊ីល។ នៅក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ភាគហ៊ុនអាម៉េរិក បានហក់ឡើងរហូតដល់ទៅប្រមាណ១៤%។ យ៉ាងណាមិញប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ថ្លៃខ្លាំងរហូតដល់ទៅប្រមាណ១០% ចាប់តាំងពីឆ្នាំ២០២៥ មក។

ក្រុមអ្នកវិភាគនិយាយថា វិនិយោគិនកំពុងងាកចេញពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាម៉េរិក ដូចជា ក្រុមហ៊ុន Nvidia ក្រុមហ៊ុន Meta និងក្រុមហ៊ុន Microsoft ជាដើម ទៅវិនិយោគលើភាគហ៊ុនដូចជាភាគហ៊ុនធនាគារ និងភាគហ៊ុននៃក្រុមហ៊ុនឧស្សាហកម្មដែលជាទូទៅមានច្រើននៅអឺរ៉ុប និងជប៉ុន។ ភាគហ៊ុនអាម៉េរិក ក៏នៅតែមានតម្លៃថ្លៃជាងគេដែរ បើធៀបនឹងទិផ្សារនៅបរទេស។ អ្នកជំនាញខ្លះជឿថា នេះអាចជាការចាប់ផ្ដើមការកាន់ទូលំទូលាយ ដែលនិយោគទូទាំងពិភពលោកកំពុងងាកចេញពីទីផ្សារសហរដ្ឋអាម៉េរិក ហើយងាកទៅរកតំបន់ផ្សេងៗទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនត្រូវមានភាពបត់បែន និងមានផែនការបែបណា ដើម្បីការពារហានិភ័យពីការប្រែប្រួលជាសកល?

ភាពមិនប្រាកដប្រជារបស់ពិភពលោកនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងវិស័យដឹកជញ្ជូនជាសកល រួមទាំងកម្ពុជា អាចប្រឈមនឹងបញ្ហាមួយចំនួន។ បច្ចុប្បន្នអ្នករកស…

ប្រសិនបើអាម៉េរិក ដាក់ពន្ធ១៥% តើវាអាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា យ៉ាងណាដែរ?

​​បន្ទាប់ពីតុលាការកំពូលរបស់សហរដ្ឋអាម៉េរិក បានសម្រេចលុបចោលពន្ធបដិការកាលពីថ្ងៃទី២០ ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានវាយបកវិញភ្លាមៗ ដោយប្រកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ