នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី មេតតេ ដែលកំពុងស្ថិតក្នុងបេសកកម្មការទូតនៅជុំវិញតំបន់អឺរ៉ុបជាមួយមេដឹកនាំកោះហ្គ្រីនលែន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការព្រមានប្រើសម្ពាធសេដ្ឋកិច្ច និងយោធារបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការដណ្តើមយកកោះហ្គ្រីនលែនពីខ្លួន។ លោកស្រី បានចាត់ទុកទង្វើរបស់លោក ត្រាំ នេះបានធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោកចាស់បាត់ហើយ។ លើសពីនេះ ទង្វើនេះក៏បានបង្ហាញឱ្យឃើញដែរថា ទំនាក់ទំនងសម្ពន្ធមិត្តរវាងអាម៉េរិក និងអឺរ៉ុប កំពុងផ្លាស់ប្តូរទៅរកភាពមិនច្បាស់លាស់។
នាយករដ្ឋមន្ត្រីដាណឺម៉ាក ដែលនៅតែជាប់គាំងក្នុងការតស៊ូជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងអនាគតរបស់កោះហ្គ្រីនលែន បានចោទសួរកាលពីថ្ងៃអង្គារ ទី២៧ មករា ថា តើសហរដ្ឋអាម៉េរិក នឹងនៅតែជាសម្ពន្ធមិត្តរបស់អឺរ៉ុប ឬយ៉ាងណា ខណៈលោក ត្រាំ កំពុងផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក? តែយ៉ាងណាលោកស្រីសង្ឃឹមថា អាម៉េរិកនឹងនៅតែជាសម្ពន្ធមិត្តរបស់អឺរ៉ុប។
ជាមួយគ្នានេះ ប្រមុខអង្គការណាតូ លោក ម៉ាក រុតតេ (Mark Rutte) បាននិយាយកាលពីសប្ដាហ៍មុនថា អឺរ៉ុប មិនអាចការពារខ្លួនឯងបានទេ បើគ្មានសហរដ្ឋអាម៉េរិក។ លោកបានប្រាប់សមាជិកសភាអឺរ៉ុបថា ប្រសិនបើអ្នកណានៅតែគិតថា សហភាពអឺរ៉ុប ឬអឺរ៉ុបទាំងមូលអាចការពារខ្លួនឯងបានដោយគ្មានសហរដ្ឋអាម៉េរិក បន្តដេកយល់សប្តិតទៀតទៅ តែការពិតមិនអាចទៅរួចនោះទេ៕
អត្ថបទៈ សួន ឡង់ទី