ភូមិសាស្រ្តនយោបាយ

តើអាម៉េរិក កំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លូន និងបន្សាបឥទ្ធិពលរបស់ចិន នៅតំបន់អាស៊ាន ឬយ៉ាងណា?


ការសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មានការជួយសម្របសម្រួលពីភាគីអាម៉េរិក ចិន និងម៉ាឡេស៊ី។ ប៉ុន្តែចាប់តាំងពីពេលនោះមក តំណាងរបស់ចិន ហាក់បាត់មុខពីកិច្ចប្រជុំស្វែងរកសន្តិភាពបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ។
ភូមិសាស្រ្តនយោបាយ
ដោយ

ជាក់ស្តែងនៅក្នុងកិច្ចប្រជុំចតុភាគី និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗ មិនមានតំណាងប្រទេសចិន ចូលរួមនោះទេ ពោលគឺមានតែវត្តមានមេដឹកនាំអាម៉េរិក និងម៉ាឡេស៊ីចូលរួមធ្វើជាសាក្សីតែប៉ុណ្ណោះ។

លោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា ការពង្រីកឥទ្ធិពលរបស់ប្រទេសមហាអំណាចតែងធ្វើឡើងតាមរយៈការទូត និងសេដ្ឋកិច្ចក្នុងការអូសទាញប្រទេសតូចៗឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ពួកគេ។ ប៉ុន្តែការស្ថិត ឬមិនស្ថិតក្រោមឥទ្ធិពលរបស់ប្រទេសមហាអំណាច វាអាស្រ័យលើគោលនយោបាយរបស់ប្រទេសមហាអំណាច និងជំហរនយោបាយរបស់ប្រទេសចូលរួម។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា បានប្រកាន់ភ្ជាប់គោលជំហរនយោបាយអព្យាក្រឹត បើទោះបីមានមតិអន្តរជាតិមួយចំនួនមើលឃើញថា កម្ពុជា ហាក់មានការលម្អៀងទៅរកប្រទេសចិន ក៏ដោយ។ អ្នកជំនាញរូបនេះសង្កេតឃើញថា ចាប់តាំងពីផ្ទុះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ប្រទេសចិន ដែលមានឥទ្ធិពលខ្លាំងនៅតំបន់អាស៊ានហាក់បានចូលរួមជួយអន្តរាគមន៍ក្នុងជម្លោះនេះតិចជាងសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យឥទ្ធិពលរបស់អាម៉េរិក ហាក់មានកើនឡើង ខណៈឥទ្ធិពលរបស់ចិន ហាក់មានការធ្លាក់ចុះ។ តែយ៉ាងណាអ្នកជំនាញយល់ថា ការបន្សាបឥទ្ធិពលរបស់ចិន នៅក្នុងតំបន់អាស៊ានមិនមែនជារឿងងាយស្រួលនោះទេ។

​ដោយឡែក លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា ទោះបីចិន មិនមានវត្តមានក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ តុលា ក៏ដោយ តែចិន បានក្លាយជាចំណែកមួយក្នុងការចូលរួមជួយផ្សះផ្សាបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ។ អ្នកជំនាញរូបនេះវាយតម្លៃថា ការដែលចិន មិនមានវត្តមានក្នុងពិធីចុះហត្ថលេខាសន្តិភាព នៅទីក្រុងគូឡាឡាំពួ អាចដោយសារពិធីនេះ ស្ថិតក្រោមការរៀបចំរបស់ម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ាន និងសហរដ្ឋអាម៉េរិក។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះជឿជាក់ថា ការអវត្តមានរបស់ចិន ក្នុងការស្វែងរកបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ នៅមួយរយៈចុងក្រោយ នឹងមិនបង្កឱ្យមានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយនោះទេ។

​សូមបញ្ជាក់ថា ការសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់រវាង កម្ពុជា-ថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មានការជួយសម្របសម្រួលពីភាគីអាម៉េរិក ចិន និងម៉ាឡេស៊ី។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំចតុភាគី និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា មិនមានតំណាងប្រទេសចិន ចូលរួមនោះទេ ពោលគឺមានតែវត្តមានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានចូលរួមធ្វើជាសាក្សីតែប៉ុណ្ណេះ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកសិក្ខាសាលាស្តីពីប្រព័ន្ធច្បាប់កម្ពុជា

(សៀមរាប)៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជា…

តើទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក មានការប្រែប្រួលយ៉ាងណានៅមួយចុងក្រោយនេះ?

ក្រុមអ្នកជំនាញកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ហាក់បានវិវត្តទៅរកភាពរីកចម្រើនជាវិជ្ជមានគួរឱ្យកត់សម្គាល់នៅមួយរយៈច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ