
រយៈពេលជិតពីរឆ្នាំចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល និងការទម្លាក់គ្រាប់បែកចុងក្រោយទៅលើតំបន់ហ្គាហ្សា ក្រុមអ្នកប្រើប្រាស់នៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលភាគច្រើនគោរពសាសនាឥស្លាម បានបន្តមិនចូលទិញអាហារនៅហាងកាហ្វេ Starbucks, Pizza Hut, KFC និងម៉ាកយីហោផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។
ពេលនេះ និន្នាការនៃពហិការនេះហាក់មានភាពចុះខ្សោយជាងមុន។ យ៉ាងណាមិញ អតិថិជនមួយចំនួនកំពុងត្រលប់ទៅទិញអាហារនៅហាង ដែលធ្លាប់រងគ្រោះ ដោយការធ្វើពហិការ ហើយភាគហ៊ុនរបស់ក្រុមហ៊ុនរងផលប៉ះពាល់មួយចំនួន ក៏កំពុងស្ទុះងើបឡើងវិញដែរ។ ទោះជាយ៉ាងណា ម៉ាកយីហោរបស់អាម៉េរិក នៅតែជួបការលំបាកក្នុងទទួលបានអតិថិជនមកវិញដដែល ខណៈការធ្វើពហិការនេះ បានបើកឱកាសដល់ដៃគូប្រកួតប្រជែងក្នុងស្រុកផងដែរ ។
ដោយសារតែមានការធ្វើពហិការ ក្រុមហ៊ុនគ្រប់គ្រងហាងកាហ្វេ Starbucks នៅម៉ាឡេស៊ី បានខាតបង់ប្រហែល ៩លានដុល្លារ កាលពីត្រីមាសទី១ ឆ្នាំ២០២៥។ ហើយមិនមែនតែ Starbucks ទេដែលខាត យីហោផ្សេងៗទៀត ដូចជា KFC, Pizza Hut និង McDonald ដែលមានប្រតិបត្តិការនៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ខាតបង់រាប់លានដុល្លារផងដែរ៕
ដោយ៖ សុខ មង្គល