លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច យល់ឃើញថា កត្តាដែលធ្វើឱ្យវិនិយោគិនអាម៉េរិក មិនសូវមកបោះទុកវិនិយោគនៅកម្ពុជា គឺដោយសារទំហំទីផ្សារ និងកម្លាំងទិញរាយនៅកម្ពុជា នៅមានកម្រិត លក្ខខណ្ឌភូមិសាស្រ្តនៃច្រកផ្លូវសមុទ្រមិនសូវមានភាពអំណោយផលពិបាកក្នុងការចែកចាយទំនិញតាមផ្លូវទឹក និងមិនសូវមានប្រទេសជាដៃគូរពាណិជ្ជកម្មរបស់អាម៉េរិក នៅក្នុងប្រទេសកម្ពុជា ជាដើម។ តែយ៉ាងណា លោកបណ្ឌិត រំពឹងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះនឹងធ្វើឱ្យក្រុមហ៊ុនអាម៉េរិក សម្លឹងឃើញកម្ពុជា ហើយមកបោះទុនវិនិយោគនៅកម្ពុជា បានកាន់តែច្រើននាពេលខាងមុខ។
ជាមួយគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា សង្កេតឃើញថា កម្ពុជា ជាប្រទេស ដែលមានភាពអំណោយផលពីធម្មជាតិ ដែលវាជាឱកាសដ៏ល្អមួយក្នុងការទាក់ទាញភ្ញៀវទេសចរអាម៉េរិក និងវិនិយោគិនអាម៉េរិក ឱ្យមកបោះទុនរកស៊ីនៅកម្ពុជា។ តែយ៉ាងណា ដើម្បីទាក់ទាញវិនិយោគិនអាម៉េរិក អ្នកជំនាញរូបនេះ សំណូមពរដល់រដ្ឋាភិបាលត្រូវធ្វើយ៉ាងណារៀបចំសណ្ដាប់ធ្នាប់សារធារណៈឱ្យមានរបៀបរៀបរយ បោសសម្អាតអំពើឆបោកតាមអ៊ីនធើណិត ក៏ដូចជាទប់ស្កាត់មិនឱ្យមានករណីលាងលុយកង្វក់ជាដើម។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកក្រោយជំនួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ថា ក្រុមហ៊ុនអាម៉េរិកធំៗជាច្រើនបានប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យសក្ដានុពលនៅកម្ពុជា បន្ថែមទៀត តាមរយៈការពង្រីកទុនវិនិយោគ ក៏ដូចជាការស្វែងរកឱកាសវិនិយោគថ្មីៗ ក្នុងវិស័យសក្តានុពលជាច្រើន ដូចជា វិស័យសុខាភិបាល ទេសចរណ៍ និងសេវាកម្មសណ្ឋាគារ បច្ចេកវិទ្យាឌីជីថល ធនាគារនិងហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងឆ្លាតវៃ យានយន្ត និងការធានារ៉ាប់រងជាដើម៕
អត្ថបទ៖ ជា ម៉ារ៉ា