
នៅទីបំផុតច្បាប់ថវិកាដ៏ចម្រូងចម្រាសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានរាំងស្ទះអស់រយៈពេលជាច្រើនខែ ត្រូវបានសភាអនុម័តហើយ បន្ទាប់ពីមានសម្ពាធពីក្រោយខ្នងដ៏ខ្លាំងក្លាពីសេតវិមាន។ អ្នកវិភាគបានលើកឡើងថា ការអនុម័តរបស់សភា ដែលនឹងបើកផ្លូវឲ្យអាម៉េរិក បង្កើនបំណុលសាធារណៈបន្ថែម៣,៤ទ្រីលានដុល្លារទៅក្នុងកញ្ចប់បំណុលស្រាប់ទំហំ៣៦,២ទ្រីលានដុល្លារនេះ បានបង្ហាញពីជ័យជម្នះផ្នែកនីតិប្បញ្ញត្តិដ៏ធំបំផុតរបស់លោក ត្រាំ នៅក្នុងអាណត្តិទីពីររបស់លោក។
ឥទ្ធិពលរបស់លោក ត្រាំ ទៅក្នុងស្ថាប័ននីតិបញ្ញតិរបស់ប្រទេសមហាអំណាចនេះ ត្រូវបានគេអះអាងថា នឹងបើកផ្លូវឲ្យលោកឈានទៅអនុវត្តការរឹតបន្តឹងលើជនអន្តោប្រវេសន៍ ការកាត់បន្ថយពន្ធ និងការកាត់តម្រឹមអត្ថប្រយោជន៍ផ្នែកសុខភាពសម្រាប់ពលរដ្ឋ ដែលមានចំណូលតិចនៅសហរដ្ឋអាម៉េរិក។
លោក ឡានហ៊ី ចេន (Lanhee Chen) អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Hoover បាននិយាយថា អ្វីដែលលោក ត្រាំ សម្រេចបានកាលពីពេលថ្មីៗនេះ វាមិនគួរឱ្យឆ្ងល់នោះទេ ហើយនេះជាចំណុចមួយដែលបង្ហាញពីភាពរឹងមាំរបស់លោក ត្រាំ ប៉ុន្តែវាក៏អាចជាអន្ទាក់នយោបាយមួយដែរ។
ការស្ទង់មតិមួយបានបង្ហាញថា អ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋចង់ឱ្យលោក ត្រាំ គ្រប់គ្រង និងដឹកនាំសហរដ្ឋអាម៉េរិក ដែលមានការជ្រៀតជ្រែកតិចតួចបំផុតពីសមាជិកសភា។ ការស្ទង់មតិបានរកឃើញថា អ្នកបោះឆ្នោតទាំងនោះមានរហូតដល់ទៅ៦៤% បានសម្តែងការគាំទ្រ និងឱ្យសហរដ្ឋអាម៉េរិក មានប្រធានាធិបតីដ៏រឹងមាំ ដែលអាចគ្រប់គ្រងដោយគ្មានការជ្រៀតជ្រែកច្រើនពេកពីសភា ឬតុលាការ៕
ដោយៈ សរ សុជាតិ