បើតាមលោក ឆាតឆៃ បាងឆាវ៉ាត់ អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ វិធានការបន្ទាន់ចំនួន ៤ ដែលក្រុមប្រឹក្សាសន្តិសុខជាតិបានដាក់ចេញវិធាន រួមមាន ទី១. ណែនាំដល់កម្លាំង និងគ្រប់ស្ថាប័នជាតិពាក់ព័ន្ធ ឱ្យសហការគ្រប់គ្រង និងទប់ស្កាត់ការបង្ហោះដ្រូនចូលទៅក្នុងតំបន់ហាមឃាត់ដែលមានការគ្រប់គ្រង។ទី២. អនុញ្ញាតឱ្យក្រសួងការពារជាតិមានសិទ្ធិបញ្ជាទិញឧបករណ៍ប្រឆាំងដ្រូន ដែលត្រូវបានចាត់ទុកថា ជាឧបករណ៍យោធា ដើម្បីត្រៀមខ្លួនសម្រាប់កិច្ចការពារតំបន់ដែលប្រឈមនឹងគ្រោះថ្នាក់។ទី៣. រឹតបន្តឹងច្បាប់នាំចូលដ្រូន និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងការជួញដូរដ្រូនខុសច្បាប់នៅតាមតំបន់ព្រំដែន និងទីតាំងផ្សេងទៀត។ និងទី៤. ផ្សព្វផ្សាយឱ្យសាធារណជនដឹងថា ការប្រើប្រាស់ដ្រូន ដែលប៉ះពាល់ដល់សន្តិសុខជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ និងការបង្ហោះដ្រូននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ បង្កឱ្យប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ នឹងត្រូវទទួលទោសធ្ងន់ដល់ថ្នាក់ប្រហារជីវិត។
បើតាមកាសែតថៃ Khaosod ចុះផ្សាយកាលពីថ្ងៃទី ២១ ខែធ្នូ បានឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចថៃ នៅក្នុងខេត្តសាមុតប្រាកាន បានចេញត្រួតពិនិត្យសន្តិសុខយ៉ាងរឹតរឹងនៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ បន្ទាប់ពីមានរបាយការណ៍អំពី យន្តហោះគ្មានមនុស្សបើកមួយ បានហោះនៅក្បែរនោះកាលពីយប់ថ្ងៃទី ២០ ខែធ្នូ៕