ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រះមហាក្សត្រ មហា វ៉ាជីរ៉ាឡុងកន និងព្រះមហាក្សត្រី សុធីតា នឹងយាងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដោយមានការអមដំណើរដោយលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ។ មុនធ្វើដំណើរទៅកាន់ប្រទេសចិនលោក អានុទីន បានប្រាប់អ្នកកាសែតជុំវិញភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងឡើងកម្ដៅខ្លាំងថា លោកបានប្រគល់សិទ្ធិអំណាចដល់ក្រុមយោធាថៃ ក្នុងការដោះស្រាយបញ្ហានេះ ព្រោះលោកជឿជាក់ថា វាគ្មានបញ្ហាធំដុំនោះទេ ហើយលោកបានបង្កើតបណ្ដាញទាក់ទង ២៤ម៉ោងលើ២៤ម៉ោង ជាមួយភាគីពាក់ព័ន្ធរួចហើយ។
ជាមួយគ្នានេះលោក អានុទីន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការត្រៀមខ្លួនរបស់យោធាក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា។ លោកបានបន្ថែមថា ថៃបានត្រៀមខ្លួនរួចស្រេចហើយក្នុងការទប់ទល់ស្ថានភាពអាក្រក់ណាមួយកើតឡើង ក៏ដូចជាផែនការជម្លៀសពលរដ្ឋនៅតាមតំបន់ព្រំដែនទៅកាន់កន្លែងមានសុវត្ថិភាព។ ហើយលោកបានឆ្លៀតអះអាងយកប្រជាប្រិយភាពថា កាលពីគណបក្សរបស់លោកនៅជាគណបក្សប្រឆាំង លោក ក៏បានចូលរួមដោះស្រាយស្ថានភាពស្រដៀងគ្នានេះដែរ ដូច្នេះក្នុងនាមជានាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានត្រៀមផែនការទប់ទល់ និងដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាប្រកបដោយគុណភាពរួចទៅហើយ។
ទាក់ទងនឹងការកើនឡើងកម្តៅឆ្ពោះទៅរកជម្លោះដែលអាចកើតមាន លោក អានុទីន បានអះអាងថា ទន្ទឹមនឹងត្រៀមស្វែងរកសន្តិភាព ថៃក៏បានត្រៀមសម្រាប់ការប្រយុទ្ធនៅសមរភូមិផងដែរ ដោយលោកបានផ្តល់សិទ្ធិអំណាចពេញលេញដល់យោធា ដើម្បីសម្រេចចិត្តតាំងពីថ្ងៃដំបូង ដែលលោក បានចូលកាន់តំណែងនាយករដ្ឋមន្ត្រីមកម្ល៉េះ។
លោក អានុទីន បានសង្កត់ធ្ងន់ថា យោធាបានត្រៀមខ្លួនជាស្រេច ដើម្បីការពារអធិបតេយ្យជាតិ និងធានាសុវត្ថិភាពដល់ប្រជាជនថៃ។ ជាមួយគ្នានេះ ឆ្លើយតបទៅនឹងការបង្ហោះសាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្កោលទោសកងទ័ពថៃថា បានបាញ់ទៅលើជនស៊ីវិលស្លូតត្រង់កម្ពុជាបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសនោះ លោក អានុទីន បាននិយាយថា លោកបានអានសេចក្តីថ្លែងការណ៍នេះរួចហើយ ប៉ុន្តែលោកបានបញ្ជាក់ជាថ្មីថា ថៃមានវិធីសាស្រ្តផ្ទាល់ខ្លួនចំពោះស្ថានភាពនេះ៕