បាក់ដងសន្ទូចនៅថៃ

លោក អានុទីន កំពុងពិចារណាលុបអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ដែលធ្វើឱ្យកើតមានការបាក់រលំដងស្ទូចសំណង់ស្លាប់មនុស្សរាប់សិបនាក់


ឧប្បត្តិហេតុបាក់រលំដងស្ទូចសំណង់ចំនួនពីរក្នុងរយៈពេលត្រឹមតែ៤៨ម៉ោងបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេស ជាពិសេសបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានបញ្ជាក់ថា ឧប្បត្តិហេតុទាំង២លើកនេះជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនតែ១ ដែលធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសនាំគ្នាសួរអំពីស្តង់ដាសុវត្ថិភាព និងការត្រួតពិនិត្យបទប្បញ្ញត្តិរបស់ថៃ ពាក់ព័ន្ធនឹងគម្រោងធំៗ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់ថៃ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
បាក់ដងសន្ទូចនៅថៃ
ដោយ

ឧប្បត្តិហេតុលើកទី២ បានកើតឡើងនៅជិតទីក្រុងបាងកក ដោយដងស្ទូចសំណង់ធំមួយបានបាក់រលំសង្កត់​លើផ្លូវល្បឿនលឿន និងបានសម្លាប់មនុស្ស២នាក់។ ឧប្បត្តិហេតុនេះបានកើតឡើងនៅ១ថ្ងៃបន្ទាប់ដងស្ទូចសំណង់១ទៀតរបស់ក្រុមហ៊ុនដដែល បានធ្លាក់សង្កត់លើរថភ្លើងដឹកអ្នកដំណើរ ដែលមានមនុស្សជិត២០០នាក់ ដោយបណ្តាលឱ្យមនុស្ស៣២នាក់ស្លាប់ និងរបួស៦៤នាក់។ រដ្ឋាភិបាលថៃ បានបញ្ជាឱ្យបញ្ឈប់ការងារសាងសង់របស់ក្រុមហ៊ុននេះភ្លាមៗ ដើម្បីស៊ើបអង្កេត។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺគម្រោងទាំងពីរនេះសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសំណង់យក្ស Italian-Thai Development (ITD)។ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អានុទីន ឆានវីរៈគុល បានបញ្ជាក់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះថា លោកកំពុងពិចារណាលុបអាជ្ញាបណ្ណរបស់ក្រុមហ៊ុនមួយនេះ ដោយសារមានការធ្វេសប្រហែសលើបទដ្ឋានសុវត្ថិភាពធ្ងន់ធ្ងរ។ លោកបានបញ្ជាក់ទាំងហួសចិត្តថា លោកនៅតែមិនយល់ថា ហេតុអ្វីរឿងបែបនេះអាចកើតឡើងដល់ទៅ២ដងជាប់គ្នា។

សារព័ត៌មាន ABC របស់អូស្ត្រាលី បានពណ៌នាថា វាជាការបាក់ដងស្ទូចសំណង់ដ៏សាហាវ និងមិនមែនជារឿងធម្មតានោះឡើយ ហើយសូម្បីតែរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ក៏លាន់មាត់ដែរថា លោកនៅតែមិនយល់ចំពោះអ្វីដែលបានកើតឡើងនេះ។

ពាក់ព័ន្ធនឹងឧប្បត្តិហេតុដ៏តក់ស្លុតនេះ លោក អានុទីន បានកោះប្រជុំស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងសាមីក្រុមហ៊ុន ដើម្បីពន្លឿនការបង់ប្រាក់សំណងទៅដល់ក្រុមគ្រួសារជនរងគ្រោះ ដោយអ្នកស្លាប់ទទួលបានប្រមាណ៥៣,០០០ដុល្លារក្នុងម្នាក់ និងអ្នករងរបួសទទួលបានជាង១,៥០០ដុល្លារក្នុងម្នាក់៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ា មិនចង់ឲ្យអាម៉េរិកវាយប្រហារអ៊ីរ៉ង់ឡើយ

ផែនការអន្តរាគមន៍យោធារបស់សហរដ្ឋអាម៉េរិកក្នុងជម្លោះ និងភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ដែលបានអូសបន្លាយពេលជាងកន្លះខែមកនេះ ហើយបានសម្លាប់មនុស្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ