នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អានុទីន ឆានវីរៈគុល ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរនោះ ហាក់មិនសូវព្រហើនដូចមុនទេ ដោយទទូចឱ្យកម្ពុជា វិលមកចូលតុចរចាគ្នា និងបានអះអាងថា ថៃ កំពុងខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា។ លោក អានុទីន បានលើកឡើងបែបនេះ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅពេលធ្វើអត្ថាធិប្បាយអំពីស្ថានការណ៍វិវត្តតាមបណ្តោយព្រំដែនថៃ-កម្ពុជា ខណៈការបញ្ឆេះសង្គ្រាមរបស់ថៃ ចូលឈ្លានពានកម្ពុជា បានឈានចូលដល់ថ្ងៃទី១២ហើយ បើគិតត្រឹមថ្ងៃទី១៨ ខែធ្នូ។
លោក អានុទីន បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកសាកសពទាហានថៃ ដែលប្រភពផ្ទៃក្នុងនៅប្រទេសថៃ ទម្លាយថា មានរហូតដល់ទៅជាង៤ពាន់នាក់ និងរបួសជាង១ម៉ឺននាក់ គិតត្រឹមថ្ងៃ១៤ ខែធ្នូ នោះ នឹងបន្តស្វែងរកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ ព្រោះវាជាការណ៍សម្ងាត់របស់យោធា។
នៅពេលអ្នកកាសែតសួរថា តើការថយចុះនូវការឆ្លើយតបពីភាគីកម្ពុជា បង្ហាញថា ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ជិតឈានដល់ដំណោះស្រាយ ឬយ៉ាងណា លោក អានុទីន បានពន្យល់ថា ខណៈការប៉ះទង្គិចគ្នាដោយយោធានៅតែបន្ត លោកនឹងមិននិយាយលម្អិតបន្ថែមទៀតទេ។ ទោះជាយ៉ាងណា លោកបានបង្ហាញក្តីសង្ឃឹមថា ស្ថានការណ៍នេះនឹងបញ្ចប់យ៉ាងឆាប់រហ័ស និងធ្វើឱ្យមានលទ្ធផលល្អបំផុត។ ហើយនៅពេលសួរថា តើពេលនេះជាពេលវេលាសមស្របសម្រាប់ភាគីកម្ពុជាចរចា ឬយ៉ាងណា លោក អានុទីន បានឆ្លើយថា ប្រសិនបើកម្ពុជាប្រើហេតុផល វាគួរតែអាច។
សូមបញ្ជាក់ថា លោកស្រី កាចា កាល់ឡាស (Kaja Kallas) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានប្រាប់រដ្ឋមន្ត្រីការបរទេសថៃ និងរដ្ឋមន្ត្រីការបរទេសកម្ពុជា អំឡុងកិច្ចពិភាក្សានាព្រឹកថ្ងៃទី១៧ ខែធ្នូ ថា សហភាពអឺរ៉ុប អាចជួយផ្តល់រូបភាពពីផ្កាយរណបសម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា-ថៃ៕
ដោយ: តែម សុខុម