រដ្ឋាភិបាលលោកអានុទីន ដែលកំពុងរងនូវការរិះគន់ខ្លាំងៗពីប្រជាពលរដ្ឋ រួមទាំងក្រុមបក្សប្រឆាំងថា ធ្វើសកម្មភាពយឺតយ៉ាវនៅក្នុងការសង្គ្រោះពលរដ្ឋចេញពីវិបត្តិគ្រោះទឹកជំនន់នោះ បានសម្រេចដាក់ចេញនូវវិធានការសេដ្ឋកិច្ចជាបីដំណាក់កាល រួមមាន៖
ទី១. វិធានការសង្គ្រោះរយៈពេលខ្លី ផ្ដោតលើការធានាថា ពលរដ្ឋរងគ្រោះ អាចទទួលបានការផ្គត់ផ្គង់នូវចំណីអាហារ ទឹក ថ្នាំសង្កូវ និងទីជម្រកបណ្ដោះអាសន្នគ្រប់គ្រាន់។
ទី២. វិធានការរយៈពេលមធ្យម មានគោលបំណងស្ដារប្រាក់ចំណូល និងកាត់បន្ថយបន្ទុកហិញ្ញវត្ថុសម្រាប់ពលរដ្ឋ តាមរយៈការពន្យារពេលទូទាត់សងបំណុល ក្នុងអត្រាការប្រាក់សូន្យភាគរយ និងកម្មវិធីគាំទ្រពាណិជ្ជកម្មផ្សេងទៀត។ រដ្ឋាភិបាលថៃ នឹងឧបត្ថម្ភធនលើទំនិញ ដើម្បីឱ្យមានតម្លៃទាបជាងទីផ្សារ សម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋដែលងាយរងគ្រោះ ដោយបន្ថែមការបរិច្ចាគពីវិស័យឯកជនផងដែរ។
និងទី៣. វិធានការរយៈពេលវែង ផ្ដោតលើការវិលត្រឡប់មករកភាពប្រក្រតីរបស់សហគមន៍ឡើងវិញ ដោយលោកអានុទីន ជឿជាក់ថា ភាគច្រើននៃម្ចាស់អាជីវកម្ម ទំនងជាមានការធានារ៉ាប់រងលើអចលនទ្រព្យរបស់ពួកគេ ហើយរដ្ឋាភិបាលនឹងជួយសម្របសម្រួល ដើម្បីពន្លឿនឱ្យម្ចាស់អាជីវកម្មអាចទទួលប្រាក់សំណងពីក្រុមហ៊ុនធានារ៉ាប់រងទាំងនោះ។ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់សម្រាប់ការជួសជុលផ្ទះ ហាង និងសំណង់ដែលខូចខាតផ្សេងទៀត ដោយរង់ចាំការវាយតម្លៃការខូចខាតពីស្ថាប័នជំនាញ។
សូមបញ្ជាក់ថា រយៈពេលជិត១សប្ដាហ៍នេះ គ្រោះទឹកជំនន់បានវាយប្រហារយ៉ាងខ្លាំងនៅហាតយ៉ៃ ខេត្តសុងក្លា ហើយសកម្មភាពសេដ្ឋកិច្ចត្រូវបានផ្អាកទាំងស្រុង ខណៈការខូចខាតអគារ ផ្ទះសម្បែង និងយានយន្ដ ៕