 
      នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានប្ដូរវេនរបស់អាស៊ាន សម្រាប់ឆ្នាំ២០២៥ ដែលបានជួយសម្របសម្រួលឱ្យកម្ពុជា-ថៃ ឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ឬសេចក្ដីថ្លែងការណ៍ទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានជាប់ចំណាត់ថ្នាក់ជាអ៊ិស្លាមសាសនិក ដែលមានឥទ្ធិពលបំផុតលំដាប់ទី១០នៅលើពិភពលោក។ លោក អានវ៉ា បានឡើងពីចំណាត់ថ្នាក់លេខ១៥មកដល់ចំណាត់ថ្នាក់លេខ១០ នេះគឺដោយសារតែអន្តរជាតិទទួលស្គាល់ការដឹករបស់របស់លោកកាន់តែខ្លាំងឡើង និងដោយសារការលើកកម្ពស់ជំហររបស់ប្រទេសម៉ាឡេស៊ីនៅលើឆាកអន្តរជាតិ។
មជ្ឈមណ្ឌល Royal Islamic Strategic Studies Centre (RISSC) នៃប្រទេសហ្ស៊កដានី បានរំលេចនូវអ៊ិស្លាមសាសនិក ដែលមានឥទ្ធិពលបំផុតចំនួន៥០រូបនៅលើពិភពលោក។ ដោយក្នុងចំណោមនោះ ព្រះចៅនៃប្រទេសកាតា ស្សេក តាមីម ប៊ីន ហាម៉ាត់ អាល់ថានី (Sheikh Tamim bin Hamad Al-Thani) ជាប់ចំណាត់ថ្នាក់លេខ១ រីឯមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត សាល់ម៉ាន់ ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់ សូដ (Salman bin Abdulaziz Al Saud) ជាប់ចំណាត់ថ្នាក់លេខ៨ ហើយប្រធានាធិបតីឥណ្ឌូនេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ជាប់ចំណាត់ថ្នាក់លេខ១៥។
ការដាក់ចំណាត់ថ្នាក់នេះ គឺកើតចេញពីការវាយតម្លៃឥទ្ធិពលរបស់បុគ្គលម្នាក់ៗ ដែលផ្ដោតលើសមត្ថភាពរបស់ពួកគេក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងពិភពអ៊ិស្លាមសាសនិកមិនថាតាមរយៈវប្បធម៌ មនោគមវិជ្ជា ហិរញ្ញវត្ថុ ឬនយោបាយ៕
 
 
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              