វិស័យសេដ្ឋកិច្ច

ស្របពេលបញ្ហាសន្ដិសុខពិភពលោកកាន់តែផុយស្រួយ អង្គការសហប្រជាជាតិ ប្រកាសពីការអស់លុយសម្រាប់ការចំណាយក្នុងឆ្នាំនេះ


អង្គការសហប្រជាជាតិ (UN) ជាអង្គការអន្តររដ្ឋាភិបាលដ៏ធំបំផុតមាន១៩៣ប្រទេស ជាសមាជិកដែលមានតួនាទីរក្សាសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់របស់ពិភពលោកទាំងមូល កំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដែលអាចនឹងអស់លុយសម្រាប់ការចំណាយចាំបាច់ផ្សេងៗរួមទាំងលុយសម្រាប់បើកប្រាក់ខែបុគ្គលិក និងលុយបើកប្រាក់ខែកងរក្សាសន្តិភាពផងដែរ ក្នុងពេលដ៏ខ្លីខាងមុខនៅឆ្នាំ២០២៥ នេះ។
វិស័យសេដ្ឋកិច្ច
ដោយ

ដំណឹងដ៏អាក្រក់អំពីវិបត្តិហិរញ្ញវត្ថុរបស់អង្គការដ៏សំខាន់មួយនេះ កើតមានឡើង ស្របពេលដែលបញ្ហាសន្ដិសុខពិភពលោកកាន់តែផុយស្រួយរួមមានទាំងបញ្ហាសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ព្រមទាំងជម្លោះប្រដាប់អាវុធថ្មីៗនេះរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអន្តរជាតិ ធំៗជាច្រើន។

អង្គការប្រជាជាតិ ដែលមានការិយាល័យកណ្ដាលនៅក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ដើម្បីរក្សាសន្តិភាព និងសន្តិសុខរបស់ពិភពលោក កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលអាចនឹងអស់លុយសម្រាប់បើកប្រាក់បៀវត្សរ៍ដល់បុគ្គលិក និងលុយសម្រាប់ទូទាត់ដល់អ្នកផ្គត់ផ្គង់របស់ខ្លួននៅត្រឹមខែកញ្ញា ហើយនឹងអស់លុយសម្រាប់បើកប្រាក់បៀវត្សរ៍ដល់កងរក្សាសន្តិភាពរបស់ខ្លួននៅត្រឹមពាក់កណ្តាលឆ្នាំ២០២៥ បន្ទាប់ពីខ្លួនមានឱនភាពថវិកាដ៏ធំលើសការគ្រោងទុក និងការបែកធ្លាយដំណឹងថា សេតវិមានស្នើឱ្យបញ្ចប់ការផ្តល់មូលនិធិសម្រាប់អង្គការនេះ។

សារព័ត៌មាន The Economist បានចុះផ្សាយថា អង្គការសហប្រជាតិ មានឱនភាពថវិកាចំនួន២០០លានដុល្លារ ពោលគឺចំណាយលើសខ្ទង់២០០លានដុល្លារ នៅក្នុងឆ្នាំ២០២៤ ហើយឱនភាពថវិការបស់អង្គការអន្តរជាតិ មួយនេះ ត្រូវបានព្យាករថា នឹងកើនឡើងខ្លាំងរហូតដល់ទៅ១,១ពាន់លានដុល្លារ ឯណោះនៅត្រឹមដំណាច់ឆ្នាំ២០២៥នេះ ប្រសិនបើមិនកាត់បន្ថយការចំណាយទេនោះ។ ឱនភាពថវិកាដ៏ធំសម្បើមនេះ នឹងប៉ះពាល់ដល់សមត្ថភាពរបស់អង្គការនេះក្នុងការបើកប្រាក់ខែ និងទូទាត់ដល់អ្នកផ្គត់ផ្គង់នៅត្រឹមខែកញ្ញា ឆ្នាំនេះ។

យោងតាមសេចក្ដីរាយការណ៍នានា ឱ្យដឹងថា អង្គការសហប្រជាជាតិ គ្រោងនឹងជូនដំណឹងដល់បណ្ដាប្រទេសជាសមាជិករបស់ខ្លួននៅថ្ងៃសៅរ៍ សប្ដាហ៍នេះថា កញ្ចប់ថវិកាចំនួន៣,៧ពាន់លានដុល្លាររបស់ខ្លួនត្រូវបានកាត់បន្ថយ១៧% រួចមកហើយ ហើយដោយសារតែបញ្ហានេះ ខ្លួននឹងត្រូវឈប់ជួលបុគ្គលិកថ្មីៗ។

ទន្ទឹមនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អែនតូនីញ៉ូ ហ្គូទើរ៉េស (Antonio Guterres) បានព្រមានកាលពីខែកុម្ភៈ ដើមឆ្នាំនេះថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រឈមហានិភ័យមិនទទួលបានប្រាក់បៀវត្សរ៍នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៥ នេះដោយសារតែងអង្គការសហប្រជាជាតិ អស់លុយសម្រាប់ចំណាយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទំហំបំណុលនៅលើពិភពលោកបានកើនដល់កម្រិតកំណត់ត្រាជាង ៣២៤ទ្រីលានដុល្លារ គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង

ស្របពេលស្ថានភាពសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មនៅលើពិភពលោករងការគំរាមកំហែងពីជំងឺរាតត្បាត ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅអ៊ុយ…

ទីកន្លែងណាត់ជួបថ្មីកំពុងទាក់ទាញយុវជនកម្ពុជា៖ TV360 by Metfone ចាប់ផ្តើមកម្មវិធីចាក់បញ្ចាំងកុននៅទីសាធារណៈបែប Outdoor

ចាប់ពីថ្ងៃទី 3 ខែឧសភា Metfone បានប្រកាសបើកជាផ្លូវការនូវ ព្រឹត្តិការណ៍ចាក់បញ្ចាំងកុននៅទីសាធារណៈបែប Outdoor ក្រោមយុទ្ធនាការ "TV360 Out…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ