អាស៊ាន

តើប្រទេសណាខ្លះដែលជាដៃគូវិនិយោគ និងពាណិជ្ជកម្មធំជាងគេបំផុតរបស់អាស៊ាន?


តំបន់អាស៊ាន ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល កំពុងស្ថិតក្នុងក្រសែភ្នែកសម្រាប់ប្រទេសមហាអំណាចប្រទាញប្រទូងឥទ្ធិពលគ្នា ទាំងផ្នែកភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងនោះ បញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សអាមេរិក និងចិន ក៏បានធ្វើឲ្យមានលំហូរចូលទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ានកាន់តែច្រើនឡើងៗផងដែរ ដ្បិតអ្នកវិនិយោគព្យាយាមបញ្ជៀសនូវការរងពន្ធគយដែលបានដាក់រវាងអាមេរិក និងចិន។
តើប្រទេសណាខ្លះដែលជាដៃគូវិនិយោគ និងពាណិជ្ជកម្មធំជាងគេបំផុតរបស់អាស៊ាន?
ដោយ

តើលោកអ្នកដឹងទេថា តើ​ប្រទេសណាខ្លះ ដែលបាននិងកំពុង​មានលំហូវិនិយោគ​មកកាន់​តំបន់អាស៊ាន​ និងជាដៃគូ​ពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន?

បើតាម​របាយការណ៍ស្ដីពីការវិនិយោគ​អាស៊ាន​ឆ្នាំ២០២២ ដែលបានចេញផ្សាយ​កាលពីខែតុលាឆ្នាំ២០២២ បង្ហាញថា អាស៊ានបានកត់ត្រាពីកំណើនលំហូរវិនិយោគផ្ទាល់​ពីបរទេស​ដ៏រឹងមាំ​បំផុត ដោយបាន​កើនឡើងដល់ទំហំទឹកប្រាក់ ១៧៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១ កើនឡើង​ ៤២%ឯណោះ បើធៀបនឹងឆ្នាំ២០២០ ហើយកំណើននេះ គឺមានជិត​ស្មើនឹងកម្រិត​កាលពី​មុន​កូវីដ១៩​ទៅហើយ បន្ទាប់ពីការធ្លាក់ចុះខ្លាំង​កាលពីឆ្នាំ២០២០ ដោយសារកូវីដ១៩រាតត្បាត និងការ​ថយចុះ​នៃភាពទាក់ទាញ​របស់​តំបន់​នេះ សម្រាប់​វិនិយោគិន​អន្តរជាតិ។ ទោះយ៉ាងណា ជាមួយនឹង​ទីផ្សារដ៏ធំ និងសមាហរណ័កម្ម​ដ៏ខ្លាំងក្លា អាស៊ាននៅតែ​ជាទិដៅវិនិយោគ​ផ្ទាល់ពីបរទេសដ៏ធំបំផុត នៅក្នុងចំណោម​ប្រទេស​កំពុងអភិវឌ្ឍ​ន៍ទូទាំងសាកលលោក បន្ទាប់ពីប្រទេសចិន និងជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ដ៏សំខាន់មួយដែរ​សម្រាប់​ការស្ដារឡើងវិញ​​នៃសេដ្ឋកិច្ច​​សាកល​ ពីវិ​បត្តិកូវីដ១៩។

របាយការណ៍​ស្ដីពីការវិនិយោគអាស៊ាន​ឆ្នាំ២០២២ដដែលនេះ ក៏បានគូសបញ្ជាក់ដែរថា ក្នុងចំណោម​ប្រភពវិនិយោគ​ផ្ទាល់​ពីបរទេស​មកពីប្រទេស និងដែនដីសំខាន់ៗចំនួន១០​​ គឺមានប្រហែល​៧៤% នៃការវិនិយោគ​នៅក្នុង​អាស៊ានទាំងមូល ដោយក្នុងនោះ សហរដ្ឋអាមេរិក បានបង្ហូរទុនវិនិយោគផ្ទាល់​មកកាន់​អាស៊ាន​ច្រើនជាងគេបំផុត ដោយមានទំហំទឹកប្រាក់​សរុប ៤០ពាន់លានដុល្លារនៅឆ្នាំ២០២១ កើនឡើង​៤១% ធៀបនឹងឆ្នាំ២០២០ បន្ទាប់មក គឺ​លំហូរទុនវិនិយោគផ្ទាល់​ពីប្រទេសចិន ដែលមាន​ប្រមាណ​១៤ពាន់លានដុល្លារ កើនឡើង​ប្រមាណ​៩៦% ខណៈការវិនិយោគពីជប៉ុន​វិញ មានទំហំទុនវិនិយោគផ្ទាល់​ទៅកាន់អាស៊ាន​ប្រមាណ​១២ពាន់លានដុល្លារ។

ដោយឡែក បើនិយាយពីទំហំពាណិជ្ជកម្មវិញវិញ ឃើញថា ប្រទេសចិន បានឈរលើកំពូលតារាងតែម្ដង​ក្នុងនាមជាដៃគូពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់អាស៊ាន ដែលមានទំហំទឹកប្រាក់សរុប​ជាង ៨៧០ពាន់លានដុល្លារនៅឆ្នាំ២០២១ កើនឡើង​ប្រមាណ ២៨% ក្នុងនោះ ចិនបាននាំចេញទៅអាស៊ាន​ក្នុងតម្លៃជាង​៤៨០ពាន់លានដុល្លារ ខណៈនាំចូលមកវិញ​​មានជាង ៣៩០ពាន់លានដុល្លារ។ សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្ម​ធំ​បំផុតទី២ របស់អាស៊ាន ដោយមានទំហំទឹកប្រាក់​ជាង​៤៤០ពាន់លានដុល្លារ និងជប៉ុនឈរលំដាប់ទី៣ មានទំហំពាណិជ្ជកម្ម​គិតជាទឹកប្រាក់​ប្រមាណ ២៤០ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា បើតាម​អ្នកជំនាញសេដ្ឋកិច្ច​អះអាងថា សេដ្ឋកិច្ចអាស៊ានមានការរីកចម្រើនលឿនជាងតំបន់ផ្សេងៗនៅលើពិភពលោក ហើយសេដ្ឋកិច្ចប្លុកនេះ នៅមានសក្តានុពលខ្ពស់សម្រាប់ការរីកចម្រើន និងការងើបឡើងវិញ ដ្បិតប្រទេសក្នុងតំបន់អាស៊ានភាគច្រើន​ស្ថិតក្នុងកម្រិតមានចំណូលមធ្យមកម្រិតខ្ពស់ មធ្យម និងកម្រិតទាប។ សេដ្ឋកិច្ចអាស៊ានបច្ចុប្បន្នស្ថិតក្នុងលំដាប់ទី៧លើពិភពលោក ខណៈជាគោលដៅរបស់អាស៊ានចង់ប្រែក្លាយសេដ្ឋកិច្ចក្នុងតំបន់នេះឲ្យឈរលំដាប់ទី៣លើពិភពលោកនាពេលអនាគត៕

_



អត្ថបទបន្ទាប់


ជប៉ុនផ្ដល់ជំនួយជាង ៥០លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងសំខាន់ចំនួន៤

រាជរដ្ឋាភិបាលជប៉ុននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥១.៣លានដុល្លារអាមេរិក សម្រាប់ការអនុវត្…

ថ្ងៃទី២ នៃវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា២០២២

នាថ្ងៃទី២នៃ «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា២០២២ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ