ឆន្ទៈពិចារណាបទឈប់បាញ់

ប្រធានប្ដូរវេនអាស៊ានអះអាងថា កម្ពុជា និងភាគីថៃមានឆន្ទៈក្នុងការស្វែងរកបទឈប់បាញ់


នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អានថា អ៊ីប្រាហ៊ីម (Anwar Ibrahim) ក្នុងនាមប្រធានប្ដូរវេនអាស៊ានបានអះអាងថា ភាគីកម្ពុជា និងភាគីថៃមានឆន្ទៈពិចារណាលើការចរចាក្នុងការទៅរកបទឈប់បាញ់រវាងកងកម្លាំងនៃប្រទេសទាំងពីរ ដែលកំពុងឡើងកម្តៅខ្លាំង។ បើតាមប្រភពពីកងទ័ពជួរមុខបានឱ្យដឹងថា ការបាញ់ផ្លោងពីសំណាក់កងទ័ពថៃមកលើកងទ័ពកម្ពុជាកំពុងបន្តមិនឈប់នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា នេះ។
ឆន្ទៈពិចារណាបទឈប់បាញ់
ដោយ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម ប្រធានប្ដូរវេនអាស៊ានបានសរសេរបង្ហោះលើគណនីហ្វេសប៊ុករបស់លោកនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ដោយបានអំពាវនាវដល់មេដឹកនាំប្រទេសកម្ពុជា និងថៃកាត់បន្ថយកម្តៅជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនេះ។ ការអំពាវនាវនេះធ្វើឡើងក្រោយលោកបានជួបជជែកជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីរបស់ថៃលោក Phumtham Wechayachai នៅថ្ងៃដដែលនោះ។

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ លោកបានអំពាវនាវឱ្យមេដឹកនាំទាំងពីរឱ្យចរចាឈានដល់បទឈប់បាញ់ជាបន្ទាន់ ដើម្បីទប់ស្កាត់អរិភាពបន្ថែមទៀត និងដើម្បីបង្កើតឱកាសសម្រាប់ការសន្ទនាដោយសន្តិវិធី និងដោះស្រាយតាមផ្លូវការទូត។ ជាមួយគ្នានេះលោកបង្ហាញការស្វាគមន៍ចំពោះសញ្ញាវិជ្ជមាន និងឆន្ទៈដែលបង្ហាញដោយទីក្រុងបាងកក និងក្រុងភ្នំពេញ លើការពិចារណាចរចាដើម្បីឈានទៅរកបទឈប់បាញ់ ហើយម៉ាឡេស៊ី ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្របសម្រួលដំណើរការចរចានេះក្នុងស្មារតីឯកភាពអាស៊ាន និងការទទួលខុសត្រូវរួមគ្នា។

ប្រធានអាស៊ានប្តូរវេនរូបនេះបានសង្កត់ធ្ងន់ថា ភាពខ្លាំង និងភាពរឹងមាំរបស់អាស៊ាន ស្ថិតលើសាមគ្គីភាព ហើយថា សន្តិភាពត្រូវតែជាជម្រើសសមូហភាពក្នុងតំបន់ជានិច្ច និងមិនផ្លាស់ប្តូរ។

ទន្ទឹមនឹងការអំពាវនាវរបស់លោក អានវ៉ា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រ ទី២៥ ខែកក្កដា នេះតាមសំណើរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា ដែលជាការបំពានច្បាប់អន្តរជាតិ និងច្បាប់របស់អាស៊ានយ៉ាងធ្ងន់ធ្ងរ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃច្រានចោលការសម្រុះសម្រួលរបស់ប្រទេសទីបី លើបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា

ប្រទេសថៃបានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលពីប្រទេសទីបី ដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តជាមួយកម្ពុជា ដោយទទូចឱ្យកម្ពុជាបញ្ឈប់ការវាយប្រហា…

អាម៉េរិកទទូចឱ្យកម្ពុជា និងថៃបញ្ឈប់ជម្លោះប្រដាប់អាវុធតាមព្រំដែនជាបន្ទាន់

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅល្ងាចថ្ងៃទី២៤ ខែកក្កដា បានផ្ញើលិខិតចំហមួយច្បាប់ទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ