គម្រោងខ្សែក្រវាត់និងផ្លូវ

តើប្រទេសអាស៊ានណាខ្លះដែលទទួលបានផលប្រយោជន៍ពីគម្រោងខ្សែក្រវាត់និងផ្លូវ ?


លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានប្រកាសជាចំហរថា ខ្លួននឹងបន្តគាំទ្រ និងជំរុញការអនុវត្តគម្រោងនានា ដែលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ជាក់ស្តែងចិន បានបន្ថែមមូលនិធិរហូតដល់១០០ពាន់លានដុល្លារ ធានាដំណើរការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវឱ្យទទួលបានជោគជ័យ ដោយឈរនៅលើគោលជំហរទំនើបកម្ម និងផលប្រយោជន៍ទៅវិញទៅមក។តើប្រទេសនៅក្នុងតំបន់អាស៊ានណាខ្លះ ដែលទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន?
គម្រោងខ្សែក្រវាត់និងផ្លូវ
ដោយ

នៅចំពោះមុខប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល មេដឹកនាំ និងអ្នកជំនាញការតំណាង១៣០ប្រទេសក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង កាលពីពេលថ្មីៗ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសចាក់បញ្ចូលថវិកា១០០ពាន់លានដុល្លារបន្ថែមទៅក្នុងមូលនិធិខ្សែក្រវាត់ និងផ្លូវ សំដៅពង្រីកវិសាលភាពគ្របដណ្តប់របស់គម្រោងនេះឱ្យកាន់តែមានភាពទូលំទូលាយបន្ថែមទៀត។ ការចាក់បញ្ចូលមូលនិធិបន្ថែមនេះ គឺដើម្បីចូលរួមចំណែកជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់បណ្តាប្រទេស ដែលជាសមាជិកនៃគំនិតផ្តួចផ្តើមនេះ។

បុរសខ្លាំងរដ្ឋចិនរូបនេះ បានចាត់ទុកគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាសសរស្ដម្ភ​នៃគោលគំនិតអភិវឌ្ឈន៍ពិភពលោក។ ក្រោយទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ក្នុងរយៈពេល១០ឆ្នាំនៃការត្រួសត្រាយផ្លូវក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លោក ស៊ី បានប្រកាសពីវិធានការថ្មីដើម្បីដឹកនាំគំនិតផ្តួចផ្តើមនេះទៅជា"ទសវត្សរ៍មាស" មួយទៀត សម្រាប់ពិភពលោក ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីសម្រេចបាននូវទំនើបកម្មសម្រាប់ប្រទេសទាំងអស់ ក៏ដូចជាកសាងពិភពលោកបើកចំហ និងរួមបញ្ចូលប្រកបដោយយុទ្ធសាស្រ្តឈ្នះឈ្នះ។

លោក ស៊ី បានប្រកាសដាក់កញ្ចប់មូលនិធិនេះទៅក្នុងធនាគារអភិវឌ្ឍន៍ចិន និងធនាគារនាំចេញ-នាំចូល ហើយលោកបានសង្កត់ធ្ងន់ថា ស្ថាប័នធនាគារចិនដ៏ធំទាំងពីរ នឹងផ្តល់ឱកាសហិរញ្ញប្បទានទំហំ៣៥០ពាន់លានយ័ន ឫប្រមាណជិត៤៨ពាន់លានដុល្លារ សម្រាប់គម្រោងខ្សែក្រវាត់ និងផ្លូវ ហើយ៨០ពាន់លានយ័នទៀតសម្រាប់មូលនិធិផ្លូវសូត្រ។

បច្ចុប្បន្ននៅប្រទេសក្នុងតំបន់អាស៊ាន គម្រោងដែលកំពុងតែលេចធ្លោនៅក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវរបស់ចិន រួមមានកម្ពុជា ឡាវ ឥណ្ឌូនេស៊ី និងថៃ។ តាមរយៈគំនិតផ្តួចផ្តើមនេះកម្ពុជាទទួលបានផលប្រយោជន៍ និងគម្រោងធំៗជាច្រើន ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃ២ពាន់លានដុល្លារ ដែលកំពុងតែដំណើរការ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តម្លៃ១ពាន់៤រយលានដុល្លារ ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប តម្លៃ១ពាន់១រយលានដុល្លារដែលទើបដាក់ឱ្យដំណើរការ និងព្រលានយន្តភ្នំពេញថ្មី តម្លៃ១ពាន់៥រយលានដុល្លារ ដែលកំពុងតែដំណើរការសាងសង់។ បន្ថែមលើនេះ កម្ពុជាក៏កំពុងតស្វះស្វែងរកលទ្ធភាពកសាងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៤ពាន់លានដុល្លារមួយគម្រោងបន្ថែមទៀតផងដែរ។

ក្រៅពីកម្ពុជា ឡាវក៏ទទួលបានផលប្រយោជន៍មិនស្ទើរដែរពីគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននេះ ក្នុងនោះគម្រោងដែលលេចធ្លោរជាងគេរបស់ឡាវក្រោមគំនិតផ្តួចផ្តើមនេះមានគម្រោងផ្លូវដែកល្បឿនលឿន ដែលមានចម្ងាយដល់ទៅជាង១ពាន់គីឡូម៉ែត្រ ភ្ជាប់ពីទីក្រុងវៀងច័ន្ទ ទៅទីក្រុងគុនមីង ខេត្តយូណាន ដែលតម្លៃរហូតដល់៦ពាន់លានដុល្លារ។

ចំណែកនៅប្រទេសថៃវិញ ក្រោមគំនិតផ្តួចផ្តើមនេះ ថៃទទួលបានគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ១២ពាន់លានដុល្លារ ខណៈឥណ្ឌនេស៊ី ទទួលបានគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃជាង៧ពាន់លានដុល្លារ ដែលទើបនឹងដាក់ឱ្យដំណើរការកាលពីខែកញ្ញា កន្លងទៅ។ ដោយឡែកប្រទេសមីយ៉ាន់ម៉ា និងម៉ាឡេស៊ី ក៏កំពុងស្វះស្វែងរកលទ្ធភាពបន្តគំនិតផ្តួចផ្តើមលើគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនឡើងវិញ បន្ទាប់ពីពួកគេបានផ្អាកកាលពីពេលកន្លងទៅ។

ក្រៅពីប្រទេសនៅក្នុងតំបន់អាស៊ាន រុស្ស៊ី ក៏កំពុងតែចាប់ដៃយ៉ាងជិតស្និទជាមួយចិន នៅក្នុងការអនុវត្តតាមគំនិតផ្តួចផ្តើមនេះផងដែរ។ ជាក់ស្តែងក្នុងអំឡុងពេលលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវនៅទីក្រុងប៉េកាំង មានសេចក្តីរាយការណ៍ថា រុស្ស៊ី និងចិនបានប្រកាសពីការបង្កើតមូលនិធិអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍ស៊ីវិលដែលមានតម្លៃ១ពាន់លានដុល្លារ ដើម្បីវិនិយោគលើសហគ្រាសអាកាសចរណ៍ និងគម្រោងនៅក្នុងប្រទេសទាំងពីរ។ មូលនិធិនេះ ក៏នឹងវិនិយោគលើគម្រោងលំហអាកាស បច្ចេកវិទ្យាឌីជីថល និងថាមពល ដែលមានប្រសិទ្ធភាពសម្រាប់ចិន និងរុស្ស៊ី ព្រមទាំងប្រទេសដែលពាក់ព័ន្ធ៕

ដោយៈ សរ សុជាតិៈ

_



អត្ថបទបន្ទាប់


តើលោក ស៊ី ជិនពីង និងលោក ពូទីន ពិភាក្សាគ្នាអ្វីខ្លះនៅក្រុងប៉េកាំង?

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងលោក ពូទីន បានពិភាក្សាគ្នាអំពីជម្លោះនៅ Gaza និងសង្រ្គាមអ៊ុយក្រែន នៅខាងក្រៅវេទិកាខ្សែក្រវាត់ និងផ្លូវក្នុ…

ក្រុមហ៊ុនរថយន្ត ហុងដា និងចាប់ដៃជាមួយ ជីអឹម បង្កើតតាក់ស៊ីគ្មានអ្នកបើក

ក្រុមហ៊ុន Honda Motor កាលពីព្រហស្បតិ៍បាននិយាយថា ខ្លួននឹងចាប់ផ្តើមសេវាកម្មតាក់ស៊ីគ្មានអ្នកបើកបរនៅប្រទេសជប៉ុន ដោយចាប់ដៃគូជាមួយក្រុមហ៊ុន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ