
រដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក តេងគូ ហ្សារុល (Tengku Zafrul) បានលើកឡើងថា បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ចាំបាច់ត្រូវធ្វើការរួមគ្នា និងរក្សាការប្តេជ្ញាចិត្តចំពោះគោលដៅរួម ជាពិសេសស្ថិតក្នុងបរិយាកាសសេដ្ឋកិច្ចមិនប្រាកដប្រជានាពេលបច្ចុប្បន្ន។
លោកបានសង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើនពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ដើម្បីកាត់បន្ថយការពឹងផ្អែកលើបណ្ដាប្រទេសជាដៃពាណិជ្ជកម្មនៅក្រៅតំបន់អាស៊ាន។ ទន្ទឹមនេះ លោក តេងគូ ហ្សារុល ក៏បានសរសើរអាស៊ាន ផងដែរ ចំពោះការឆ្លើយតបដោយចិត្តស្ងប់ និងមានការពិចារណាវែងឆ្ងាយ ទៅនឹងការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក នាពេលថ្មីៗនេះ ដោយនិយាយថា អាស៊ាន បានជ្រើសរើសការចរចាជាជាងការសងសឹក។ លោកបានសង្កត់ធ្ងន់ថា វិធីសាស្រ្តនេះ បានជួយបញ្ចៀសជម្លោះ និងរក្សាទំនាក់ទំនងល្អជាមួយសហរដ្ឋអាម៉េរិក និងប្រទេសដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀត។
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AECC) ខាងលើនេះ ត្រូវបានដឹកនាំដោយលោក តេងគូ ហ្សារុល ហើយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រី និងក្រុមមន្ត្រីជាន់ខ្ពស់មកពីគ្រប់ប្រទេសជាសមាជិកអាស៊ាន រួមទាំងកម្ពុជា ផងដែរ។
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AECC) គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ដែលម៉ាឡេស៊ី កំពុងធ្វើជាម្ចាស់ផ្ទះក្រោមប្រធានបទ«បរិយាប័ន្ន និងនិរន្តរភាព»។ សូមបញ្ជាក់ថា នេះជាលើកទី៥ ហើយដែលម៉ាឡេស៊ី ធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលនេះ។
មានការរំពឹងទុកថា ក្រុមមេដឹកនាំអាស៊ាន នឹងពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក ដោយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែជាកង្វល់ធំ។ កិច្ចប្រជុំកំពូលក៏នឹងរួមបញ្ចូលកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការអាស៊ាន-ឈូងសមុទ្រ (Asean-GCC) លើកទី២ និងកិច្ចប្រជុំកំពូលអាស៊ាន ឈូងសមុទ្រ និងមហាយក្សចិន (Asean GCC-China Summit) ផងដែរ ហើយទាំងនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់អាស៊ាន ជាមួយឈូងសមុទ្រ និងមហាយក្សចិន៕
ដោយ: តែម សុខុម