
រដ្ឋាបាលរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) បានបង្កើតកញ្ចប់ថវិកាលើកទឹកចិត្តមានតម្លៃ១,៥ពាន់លានដុល្លារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដែលផ្ទុយនឹងផែនការដែលបានសម្រេចចិត្តកាលពីដើមឆ្នាំនេះ ក្នុងការកាត់បន្ថយការចំណាយជិត១៩ពាន់លានដុល្លារ ដើម្បីយកទៅគាំទ្រដល់មូលនិធិសម្រាប់អាហារនៅតាមសាលារៀនដោយឥតគិតថ្លៃ។
នៅក្នុងខែមិថុនា និងកក្កដា ឆ្នាំនេះ ប្រជាជនឥណ្ឌូនេស៊ី ប្រហែល១៨លាននាក់ ដែលភាគច្រើនជាអ្នកមានចំណូលទាបនឹងទទួលបានសាច់ប្រាក់ជិត២០ដុល្លារ និងអង្ករ១០គីឡូក្រាមក្នុងមួយខែៗ។ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏នឹងកាត់បន្ថយថ្លៃសេវាសាធារណៈយ៉ាងច្រើនសម្រាប់ប្រជាជន ក្នុងនោះថ្លៃជិះរថភ្លើងនឹងត្រូវកាត់បន្ថយ៣០% ដើម្បីរក្សាអំណាចទិញរបស់ប្រជាជន និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។
ការដាក់ចេញកញ្ចប់ថវិកាលើកទឹកចិត្តនេះបានធ្វើឡើងចំពេលរដ្ឋាភិបាលឥណ្ឌូនេស៊ីព្រួយបារម្ភថា ពន្ធគយរបស់អាម៉េរិកនឹងពន្លឿនការធ្លាក់ចុះសេដ្ឋកិច្ច ខណៈប្រទេសនេះបានជាប់ពន្ធបដិការ៣២%របស់អាម៉េរិក។ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធខ្ពស់លើការនាំចូលទំនិញមកពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែលោកបានផ្អាករយៈពេល៩០ថ្ងៃលើការយកពន្ធនេះ ដែលនឹងត្រូវបញ្ចប់ក្នុងរយៈពេលមិនដល់មួយខែទៀតនោះទេ។ ដូច្នេះក្នុងរង្វង់ពេលនេះ រដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍កំពុងព្យាយាមចរចារលើបញ្ហាពន្ធបដិការជាមួយអាម៉េរិក ប៉ុន្តែវាហាក់ដូចជាមិនបានទទួលជោគជ័យគួរឱ្យកត់សម្គាល់ទេរហូតមកដល់ពេលនេះ។
ក្ដីអស់សង្ឃឹមចំពោះការបញ្ចុះអត្រាពន្ធរបស់អាម៉េរិកកំពុងរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងតំបន់នេះ។ ដូច្នេះហើយទើបកាលពីខែមេសា កន្លងទៅ ប្រទេសសិង្ហបុរីបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចខ្លួនៅឆ្នាំនេះមកនៅចន្លោះពី០ទៅ២% រីឯប្រទេសថៃកាលពីខែឧសភាក៏បានកែប្រែការព្យាកររបស់ខ្លួនផងដែរ ដោយទម្លាក់មកនៅចន្លោះពី១,៣%ទៅ២,៣%។
តំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថា នឹងក្លាយជាទិសដៅសម្រាប់ផលិតផលថោកៗដែលមានប្រភពមកពីប្រទេសចិន។ រំហូរចូលយ៉ាងច្រើននូវទំនិញនាំចូលនឹងបង្កហានិភ័យដល់អាជីវកម្មខ្នាតតូចក្នុងស្រុក ព្រោះពួកគេនឹងរងផលប៉ះពាល់ដោយការប្រកួតប្រជែងតម្លៃ៕
ដោយ៖ សុខ មង្គល