
មន្ត្រីជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកពីប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង និងសមាជិកអាស៊ាន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមនៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅទីក្រុងមីឡាន ថា ការកើនឡើងការគាំពារពាណិជ្ជកម្មនិយមកំពុងចោលទម្ងន់ទៅលើពាណិជ្ជកម្មសកល ដែលនាំឱ្យមានការបែកបាក់សេដ្ឋកិច្ច ប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងរំហូរមូលធននៅទូទាំងតំបន់អាស៊ី។
ទោះបីសេចក្តីថ្លែងការណ៍នេះមិនបានបញ្ចេញឈ្មោះប្រទេសណាក៏ដោយ តែការលើកឡើងនេះទំនងជាសំដៅលើសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលបានដាក់របាំងពន្ធគយខ្ពស់កប់ពពកលើប្រទេសនានាមិនរើសមុខកាលពីពេលកន្លងទៅថ្មីៗ ដែលបញ្ហានេះកំពុងគំរាមកំហែងដល់តំបន់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំង ដោយប្រទេសកម្ពុជាបានជាប់ពន្ធរហូត៤៩% វៀតណាម៤៦% ខណៈថៃ៣៦% ហើយប្រសិនបើអត្រាពន្ធទាំងនេះចូលជាធរមាននៅក្រោយខែកក្កដា មែន សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដែលពឹងលើការនាំចេញនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលរបស់បណ្តាប្រទេសនៅតំបន់អាស៊ីបានអំពាវនាវឱ្យពង្រឹងការរួបរួមគ្នា និងកិច្ចសហការក្នុងតំបន់ ស្របពេលពួកគេកំពុងព្យាយាមដោះស្រាយភាពមិនច្បាស់លាស់ដែលចេះតែកើនឡើង។ ជាមួយគ្នានេះពួកគេបានបង្ហាញការប្តេជ្ញាក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់ មិនរើសអើង សេរី យុត្តិធម៌ បើកចំហ ស្មើភាព និងតម្លាភាព ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល៕
ដោយ៖ សុខ មង្គល