ផ្សារភាគហ៊ុន

ទីផ្សារភាគហ៊ុននៅអាស៊ានខាតបង់ជាង២០០ពាន់លានដុល្លារ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា


ជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ាកំពុងបង្កជាព្យុះសេដ្ឋកិច្ចបោកបក់យ៉ាងខ្លាំងមកលើតំបន់អាស៊ីអាគ្នេយ៍។ គិតត្រឹមចុងខែមីនា នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សនៅក្នុងតំបន់អាស៊ានបានបាត់អស់ជាង២១៦ពាន់លានដុល្លារអាម៉េរិក បន្ទាប់ពីការបិទច្រកសមុទ្រហ័រម៉ូស និងការវាយប្រហាររវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង។
ផ្សារភាគហ៊ុន
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា តម្លៃទីផ្សារភាគហ៊ុនសរុបរបស់ក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុប្រមាណ៣,៥០០ ដែលបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងវៀតណាម ដែលមានទំហំជាង១,៩ទ្រីលានដុល្លារបានធ្លាក់ចុះជាង១០% ត្រឹមរយៈពេល១ខែពោលគឺបន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ក្នុងនោះក្រុមហ៊ុននៅឥណ្ឌូនេស៊ី ខាតបង់ធ្ងន់ធ្ងរជាងគេរហូតដល់ជាង១១៥ពាន់លានដុល្លារ ខណៈនៅថៃ ខាតបង់ជិត៤៩ពាន់លានដុល្លារ រីឯហ្វីលីពីន និងវៀតណាមបានខាតបង់ម្នាក់ៗជាង១៦ពាន់លានដុល្លារ។

មូលហេតុចម្បងដែលធ្វើឱ្យទីផ្សារភាគហ៊ុននៅអាស៊ីអាគ្នេយ៍រងគ្រោះលឿនជាងតំបន់ផ្សេងៗ គឺដោយសារ ភាពរង្គោះរង្គើ នៃសន្តិសុខថាមពល។ ការបារម្ភលើកង្វះខាតប្រេងបម្រុងបានជះឥទ្ធិពលដល់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យគីមីឥន្ធនៈ និងទេសចរណ៍យ៉ាងធ្ងន់ធ្ងរ។

របាយការណ៍ផ្លូវការបានបង្ហាញតួលេខដ៏គួរឱ្យព្រួយបារម្ភអំពីចំនួនថ្ងៃ ដែលប្រទេសនីមួយៗអាចទប់ទល់បាន ប្រសិនបើប្រេងឥន្ធនៈត្រូវកាត់ផ្ដាច់ក្នុងការនាំចូល ក្នុងនោះឥណ្ឌូនេស៊ីមានស្តុកប្រេងសម្រាប់ប្រើប្រាស់បានត្រឹមតែ៣០ថ្ងៃ ខណៈហ្វីលីពីនមានប្រហែល៤៥ថ្ងៃ រីឯវៀតណាម និងម៉ាឡេស៊ីមានលទ្ធភាពទប់ទល់បាន៥០ថ្ងៃ។

ចំណែកប្រទេសថៃ ឯណោះវិញ មានទុនបម្រុងច្រើនជាងគេនៅក្នុងតំបន់ដែលអាចទ្រទ្រង់ការប្រើប្រាស់បានរហូតដល់១០៣ថ្ងៃ ប៉ុន្តែតួលេខនេះនៅតែតិចជាងឆ្ងាយបើធៀបនឹងជប៉ុន និងកូរ៉េខាងត្បូង ដែលមានប្រេងបម្រុងប្រើប្រាស់បានរហូតដល់ទៅជាង២០០ថ្ងៃ។ ស្ថានភាពនេះកំពុងដាស់តឿនដល់បណ្តាប្រទេសនៅក្នុងតំបន់ឱ្យពង្រឹងយុទ្ធសាស្ត្រថាមពលរបស់ខ្លួនជាបន្ទាន់ ខណៈដែលភាពមិនច្បាស់លាស់នៃសង្គ្រាមនៅតែបន្តអូសបន្លាយ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ថៃ នៅតែបន្តរាយបន្លាលួសព័ទ្ធយកដីខ្មែរ ខណៈអ្នកជំនាញបន្តទទូចឱ្យកម្ពុជា ប្រើយន្តការតុលាការក្នុងការដោះស្រាយ

យោធាថៃ នៅតែបន្តប្រើប្រាស់គ្រឿងចក្រឈូសឆាយ និងរាយបន្លាលួសថ្មីៗព័ទ្ធយកដីកម្ពុជាដោយខុសច្បាប់នៅតាមខ្សែបន្ទាត់ព្រំដែន ដែលធ្វើឱ្យស្ថានការណ៍ជម្លោះនៅត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ