បណ្ដាប្រទេសនៅអាស៊ី សម្រុកដណ្ដើមគ្នាទិញប្រេងរុស្ស៊ីយ៉ាងគំហុក បន្ទាប់ពីសហរដ្ឋអាម៉េរិក បើកភ្លើងខៀវ ដោយក្នុងនោះប្រទេសឥណ្ឌាបានបង្កើនការនាំចូលប្រេងរុស្ស៊ីទ្វេដង ខណៈចិនបន្តទិញ ហើយអាចបង្កើនការទិញបន្ថែមទៀត ខណៈដែលប្រទេសផ្សេងៗទៀតដូចជាថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី ពេលនេះក៏កំពុងសម្រុកទិញផងដែរ។
នៅមុនផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់ ប្រេងរបស់រុស្ស៊ី មានតម្លៃថោកជាងគេឆ្ងាយ ប៉ុន្តែត្រូវបានប្រទេសភាគច្រើនចៀសវាងមិនហ៊ានទិញ ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក និងលោកខាងលិច បន្ទាប់ពីរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ សរុបមក គឺមានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដូចជាចិន ឥណ្ឌា និងតួកគី ដែលជាម៉ូយធំសម្រុកទិញប្រេងរុស្ស៊ី ដែលលក់បញ្ចុះតម្លៃច្រើន។
ពេលនេះដោយសារសហរដ្ឋអាម៉េរិក លើកលែងទណ្ឌកម្មលើប្រេងរុស្ស៊ីជាបណ្ដោះអាសន្នរយៈពេល ៣០ថ្ងៃ បណ្ដាប្រទេសនៅអាស៊ី កំពុងសម្រុកទិញប្រេងរុស្ស៊ីយ៉ាងគំហុក ដែលស្ថិតនៅលើសមុទ្រស្រាប់។ ទិន្នន័យបង្ហាញថា បច្ចុប្បន្នប្រេងឆៅរបស់រុស្ស៊ីប្រមាណ១៣០លានបារ៉ែលកំពុងធ្វើចរាចរណ៍ដឹកជញ្ជូននៅលើសមុទ្រ។ ប្រេងរបស់រុស្ស៊ីកាលពីមុនមានតម្លៃថោកណាស់ គឺត្រឹមតែប្រមាណ៥៨ ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល ប៉ុន្តែក្រោយពីអាម៉េរិកដកទណ្ឌកម្ម ស្រាប់តែប្រេងរុស្ស៊ីឡើងថ្លៃលើស ៩០ដុល្លារក្នុងមួយបារ៉ែល។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញនិយាយថា ប្រេងរបស់រុស្ស៊ី មិនអាចជំនួសបានទាំងស្រុងនូវការផ្គត់ផ្គង់ ដែលបានបាត់បង់នៅតំបន់មជ្ឈិមបូព៌ានោះឡើយ មានន័យថា ការប្រកួតប្រជែងដណ្ដើមគ្នាទិញប្រេងនឹងកើនឡើង ជាពិសេសរវាងប្រទេសចិន និងឥណ្ឌា។ ទន្ទឹមនេះ ប្រទេសនានា ក៏កំពុងសម្លឹងមើលអ្នកផ្គត់ផ្គង់ផ្សេងទៀតដូចជាប្រទេសប្រេស៊ីល នីហ្សេរីយ៉ា និងកាហ្សាក់ស្ថានផងដែរ៕
ដោយ: តែម សុខុម